PR

ក្រុមហ៊ុន ហនុមាន បន្តកុងត្រាជាមួយ វណ្ណដា និងបារមី ជាមួយសមាជិកថ្មី ៣រូបបន្ថែម

BY
Liny Chan
February 1, 2024

នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ខែនៃសេចក្តីស្រលាញ់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ទូតសុឆន្ទៈ (Brand Ambassador) និងតារាតំណាងផលិតផល (KOL)សម្រាប់ផលិតផលហនុមាន។ ក្នុងឆ្នាំ ២០២៤នេះផងដែរ លោក ម៉ាន់ វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជានៅតែបន្តកុងត្រាធ្វើជាទូតសុឆ្ទៈ របស់ហនុមាន។

តាមប្រសាសន៍ លោក ផន មុតសុក្រឆពណ្ណ (Mr. Richie) សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឱ្យដឹងថា៖ “មកដល់ពេលនេះ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះអតិថិជន ដែលបានស្វាគមន៍ និងគាំទ្រ ដ៏សន្ធឹកសន្ធាប់ចំពោះក្រុមហ៊ុនហនុមាន ក៏ដូចជាមតិកែលម្អតាមរយៈផ្ទាល់ឬដោយប្រយោលលើបណ្តាញសង្គម។

ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសហការរបស់យើង បង Laura Mam និងក្រុមការងារ របស់បារ៉ាមី ដែលបានខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តសហការដ៏ល្អ និងរួមដំណើរ ឆ្ពោះទៅមុខឱ្យកាន់តែប្រសើរជាមួយក្រុមហ៊ុនហនុមាន។ ជាពិសេសសូមអរគុណដល់ លោកអគ្គនាយក ក៏ដូចជាក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ របស់ក្រុមហ៊ុនហនុមាន ប៊ែវើរីកជីស ដែលបានអនុញ្ញាតគាំទ្រឲ្យមានការបន្តលើកិច្ចសហការ Brand Ambassador នាថ្ងៃនេះ។

ថ្ងៃនេះ តាងនាមឲ្យក្រុមហ៊ុនហានុមានប៊ែវើរីកជីស ខ្ញុំសូមប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនបារមី និងលោក វាណ្ណដា ជា Brand Ambassador នៃគ្រួសារហនុមាន ហើយក៏សូមស្វាគមន៍នូវសមាជិកថ្មី ដែលពោពេញដោយ ទេពកោសល្យចូលសមាជិកគ្រួសារហនុមាន គឺលោក Yuhaii, Goofy និងកញ្ញា Roxy ។

ជាមួយការសហការដ៏ល្អនៅក្នុងឆ្នាំ 2024នេះ គឺជាការសន្យាមួយក្នុងការនាំយកនូវរស់និយមថ្មីៗ ក៏ដូចជាការ ពាំនាំនូវបទពិសោធន៍ដ៏អស្ចារ្យ ជូនដល់អ្នកគាំទ្រជាទីរាប់អាន ដើម្បីជាការតបស្នងសងគុណដល់ការគាំទ្រ ដល់ក្រុមហ៊ុនហនុមាន នាពេលកន្លងមក។

ចំណែក កញ្ញាឡូរ៉ាម៉មជានាយកក្រុមហ៊ុនបារមីក៏មានប្រសាសន៍ផងដែរថា៖ ផលិតកម្មបារមីនៅតែបន្តកុងត្រាជាមួយ ក្រុមហ៊ុនហនុមាន ពីព្រោះហនុមានគឺជាក្រុមហ៊ុន  ដែលមានចក្ខុវិស័យ ប្រកបដោយស្មារតីមុះមុត  នៅក្នុងការខិតខំប្រឹងប្រែងជួយផ្គត់ផ្គង់ និង គាំទ្រភាពរីកចម្រើនរបស់វិស័យ សិល្បៈតន្ត្រីខ្មែរ និង ជាដៃគូ សហការដ៏ល្អ ដែលគាំទ្រមហិច្ឆតារបស់យើង ក្នុងការពង្រីកព្រំដែននៃតន្ត្រីកម្ពុជា ឱ្យរីកដុះដាលកាន់តែទូលំទូលាយ និង  ចែករំលែកនូវភាព រស់រវើក របស់ តន្ត្រីខ្មែរ  ជាមួយ ពិភពលោក។ ផលិតកម្មបារមី មានគម្រោងបន្តបង្កើត និង ផ្សព្វផ្សាយនូវតន្ត្រី ព្រមទាំងកម្មវិធី និង  ការប្រគំតន្ត្រី ជាច្រើននៅក្នុងឆ្នាំ ២០២៤ នេះ។ ពួកយើងក៏មានគម្រោងធំមួយទៀត ជាមួយហនុមាន ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់មហាជន ប៉ុន្តែពួកយើងសុំលាក់សិន។”

ចំពោះលោក វណ្ណដា ក៍បានចែករំលែកនូវចំណាប់អារម្មណ៍ផងដែរថា៖ “សូមអរគុណទៅដល់ហនុមាន ដែលបាន  ផ្តល់ទំនុកចិត្ត និងបានផ្តល់ឱកាសដល់រូបខ្ញុំបាទជាទូតសុច្ឆន្ទៈ។ ២ឆ្នាំកន្លងមក គឺជា Journey ដ៏ល្អមួយសម្រាប់ខ្ញុំជាមួយហនុមាន ពួកយើងបានធ្វើរឿងជាច្រើនជាមួយគ្នា និងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ នេះជាឆ្នាំទី៣ ដែលខ្ញុំនឹងរួមដំណើរបន្តជាទូតសុច្ឆន្ទៈរបស់ហនុមាន យើងនឹងមានអ្វីពិសេសៗ ដើម្បី Surprise ទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាហ្វេនរបស់ខ្ញុំបាទផងដែរ។”

ចំណែកតារាតំណាងផលិតផលហនុមាន លោក យូហាយ លោក Goofy នឹងកញ្ញា Roxy ក៏បានចែករំលែកនូវចំណាប់អារម្មណ៍ដូចគ្នាផងដែរ គឺ ៖” អរគុណដល់ក្រុមហ៊ុន ហនុមាន ដែលបានមើលឃើញពីទេពកោសល្យ និងបានធ្វើបានអោយសុបិន្តពួកគាត់ក្លាយជាការពិត ដែលបានហនុមាន បាននាំយកមកនូវកម្មវិធ The Rapper Cambodia មកប្រទេសកម្ពុជា ដែលធ្វើអោយពួកគាត់បានសម្រេចក្តីស្រមៃ ថែមទាំងទទួលបានការគាំទ្រដូចសព្វថ្ងៃ”។

លើសពីនេះទៅទៀត ហនុមាន បានរួមសហការការងារ ជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេសកម្ពុជា ដូចជាសិល្បករ វណ្ណដា ដែលជាសិល្បករផ្នែកចម្រៀងរ៉េបមួយរូប ដែលតែងតែផលិតនូវបទចម្រៀងប្រកបដោយគុណភាព គុណតម្លៃនៃសិល្បៈសម័យទំនើប រួមជាមួយបុរាណ និងបង្កើនតម្លៃនៃសិល្បៈខ្មែរយើង ឲ្យមានគុណភាពលំដាប់ខ្ពស់ និង មានមហិច្ឆតាឈានទៅប្រកួតលើឆាកអន្តរជាតិ។
ថ្លែងបិទកម្មវិធី លោកនាយកប្រតិបត្តិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា៖ “នាពេលដ៏ឆាប់ៗខាងមុខនេះ ហនុមាននឹងមានផលិតផលផ្សេងៗទៀត ដើម្បីថ្លែងអំណរគុណដល់អតិថិជនហនុមាន នឹងតម្រូវការទីផ្សារបច្ចុប្បន្ន ជាពិសេសអតិថិជនជាច្រើនតែងតែផ្ញើសារសួរនាំ នឹងស្នើសុំអោយ ហនុមាន ផលិត ផលិតផលអោយបានច្រើន” នេះសរបញ្ជាក់អោយឃើញពីសន្ទុះនៃការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជនមកលើផលិតហនុមាន។

គួររំលឹកផងដែរក្រុមហ៊ុនហនុមានប៊ែវវើរីកជីសបានឈានចូលទីផ្សាររយៈពេលបីឆ្នាំមកហើយ តាមការអង្កេតឃើញ ថាផលិតផលរបស់ក្រុមហ៊ុនហនុមាន តែងមានសន្ទុះគាំទ្រយ៉ាងខ្លាំង ដោយស្លាកសញ្ញាមួយនេះតែងមានយុទ្ធសាស្រ្ត ល្អៗ ពាំនាំមកនូវគំនិតថ្មីប្លែកៗជានិច្ចជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងល្អជិតស្និតជាមួយ អតិថិជន ជាពិសេសគឺ ស្រទាប់យុវវ័យ លើពីនេះក្រុមហ៊ុនតែងមានភាពបត់បែនដើម្បីបំពេញតំរូវទីផ្សារ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនហនុមាន តែងតែមានឆន្ទៈយ៉ាងមោះម៉ុត ក្នុងការនាំយកស្លាកសញ្ញាមួយនេះទៅកាន់ឆាកអន្តរជាតិ ហើយបច្ចុប្បន្ន ហនុមានកំពុង មានវត្តមាននៅប្រទេសថៃ អូស្រ្តាលី និងមានប្រទេសសក្កដានុពលផ្សេងទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចារ នេះគឺជាមោទនភាព ដែលបញ្ជាក់ពីផលិតផលគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។ ក៏ដូចជាការជ្រើសរើសអ្នក តំណាងផលិតផលរបស់ខ្លួន ហនុមានបានជ្រើសរើសលោកវណ្ណដាតំាងពីចាប់ផ្តើមឈានជើងចូលទីផ្សាររហូតមកទល់ ពេលនេះ ដោយលោកវណ្ណដា គឺជាសិល្បករ មានគុណភាព និងគុណតំលៃគួរជាស្ញប់ស្ញែង ហើយបានឆក់យកបេះដូង របស់អ្នកគាំទ្រគ្រប់ស្រទាប់ ជាពិសេស គឺយុវវ័យទូទាំងប្រទេស លោកបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និង រួមដំណើរយ៉ាង ជោគជ័យជាមួយ ស្លាកសញ្ញាហនុមាន។

ការបន្ថែមនូវវត្តមានរបស់ Yuhaii, Goofy និង Roxy មកកាន់គ្រួសារ ហនុមាន យើងជឿរជាក់ថាហនុមាន និង បារមី ប្រាកដជានឹងពាំនាំនូវអ្វីថ្មីប្លែកអស្ចារ្យ ជាមួយនឹងបទពិសោធន៍នៃរសនិយមថ្មីជូនដល់បងប្អូន ដើម្បីតបស្នងសង គុណដល់សន្ទុះគាំទ្រដ៏ខ្លាំងក្លាកន្លងមកជាក់ជាមិនខាន។ ជាមួយទំនុកចិត្ត និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក បានធ្វើអោយក្រុមហ៊ុន មានកម្លាំងចិត្ត នឹងឆន្ទៈក្នុងការពង្រីកវិសាលភាពរបស់ខ្លួនអោយកាន់តែមហិមា នឹងអស្ចារ្យជាងមុន៕

Share This Post: