អ្នកបើករថយន្តម្នាក់បានជាប់នៅលើផ្លូវអស់ ៣ថ្ងៃ ខណៈមនុស្ស ២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់បង្កឡើងដោយព្យុះព្រិលទឹកកនៅប្រទេសចិន
- BY
- Pheakdey
- February 6, 2024
ចិន៖ ព្យុះភ្លៀង និងព្យុះព្រិលទឹកកកកំពុងតែវាយប្រហារប្រទេសចិនយ៉ាងខ្លាំង ខណៈចិននឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅចុងសប្តាហ៍នេះហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៦ ខែកុម្ភៈនេះបានបញ្ជាក់ថា បញ្ហាអាកាសធាតុខាងលើនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការធ្វើដំណើរនៅក្នុងប្រទេសចិន ខណៈនៅក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ គេរំពឹងថានឹងមានការធ្វើការដំណើររាប់ពាន់លានជើងឯណោះទាំងតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកនៅទូទាំងប្រទេសចិន។

ប្រភពខាងលើបានបន្តថា ព្យុះភ្លៀង និងព្យុះព្រិលទឹកកកបានវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសចិន ហើយក្នុងនោះតំបន់ភាគកណ្តាលនៃខេត្ត Hubei គឺជាទីកន្លែងដែលបានរងនូវការវាយប្រហារខ្លាំងជាងគេ។ បើតាមរបាយការណ៍របស់អាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋចិនចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលបង្កឡើងសារតែបញ្ហាអាកាសធាតុដ៏អាក្រក់នេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយកាលពីថ្ងៃម្សិលមិញនេះមានអ្នកបើករថយន្តម្នាក់ត្រូវបានគេជួយសង្គ្រោះចេញពីក្នុងរថយន្ត ក្រោយបានជាប់គាំងនៅលើដងផ្លូវដោយសារតែព្យុះព្រិលទឹកកកអស់រយៈពេល ៣ថ្ងៃ។ ទន្ទឹមគ្នានេះមានរថភ្លើង និងជើងហោះមួយចំនួនក៏ត្រូវបានពន្យាពេល និងលុបចោលផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






