KaKa លើកឡើងថា ”ឥទ្ធិពលរបស់ Messi បានធ្វើអោយ Ronaldo ឡើងដល់កំរិតកំពូល”
- March 18, 2019
កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាល Christiano Ronaldo នៅតែខ្លាំង បើទោះបីជាខ្លួនមានវ័យ ៣៤ឆ្នាំហើយក៏ដោយ ហើយ Ronaldo បានធ្វើអោយអតីតខ្សែបំរើប្រយុទ្ធ KaKa កោតសរសើរអំពីការខិតខំប្រឹងប្រែង ដើម្បីរក្សាទំរង់លេងអោយនៅល្អជាងគេនៅក្នុងការប្រកួត។ មិនតែប៉ុណ្ណោះ KaKa បាននិយាយថា ”ការខិតខំប្រឹងប្រែងរបស់ Ronaldo ដើម្បីរក្សាតំណែងល្អជាងគេលើលោក គឺដោយសារដៃគូប្រកួតប្រជែង ដែលជាគ្រាប់ពេជ្ររបស់ក្លឹបអ្នកមានបុណ្យ Barcelona” ។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo និង Messi ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករល្អជាងគេលើលោកក្នុងរយៈពេលមួយទសវត្សទៅហើយ និងមិនតែប៉ុណ្ណោះពួកគេបានទទួលពាន Ballons d’Or ចំនួន ៥ក្នុង១នាក់ នៅក្នុងកំឡុងពេល ដែលរូបគេប្រកួតប្រជែងគ្នាពេលលេងអោយ Real Madrid និង Barcelona។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាលរូបនេះ បានរក្សាទំរង់លេងដ៏អស្ចារ្យរបស់គាត់ចាប់តាំងពីចាកចេញពី Real Madrid និងទៅចូលរួមជាមួយ Juventus ហើយបានរកគ្រាប់បាល់អោយក្លឹបចំនួន ២៤គ្រាប់ នៅក្នុង៣៦ប្រកួតនៃការប្រកួតទាំងអស់អោយក្លឹប។

បន្ថែមពីនេះទៅទៀត ”កីឡាករវ័យ ៣៤ឆ្នាំរូបនេះកំពុងតែបង្ហាញទំរង់លេងល្អ ហាក់ដូចជាគ្មានអន់ថយសោះ ហើយ វាគ្មានអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះទេនៅអ្វីដែលពួកយើងកំពុងឃើញ តែអ្វីដែលធ្វើអោយខ្ញុំស្ញប់ស្ញែងនោះគេ Ronaldo នៅតែរក្សាកំរិតនៃការលេងរបស់គាត់ដដែល” KaKa បានប្រាប់ទៅកាសែតបរទេសមួយ។ បើយើងងាកមកមើលក្រុមចាស់របស់ Ronaldo វិញ អធិរាជស Real Madrid ហាក់ដូចជាមានភាពលំបាក ចាប់តាំងពី Ronaldo ចាកចេញទៅ ហើយត្រូវបានខ្ទាតចេញពី UCL បន្ទាប់ពីចាញ់ Ajax នៅវគ្គ ១៦ក្រុមចុងក្រោយ និងចាញ់ Barcelona នៅក្នុងពាន Copa del Rey ហើយមិនតែប៉ុណ្ណោះឈរនៅពីក្រោយក្រុមកំពូលតារាង Barcelona រហូតដល់ទៅ ៩ពិន្ទុ។ ប៉ុន្តែយើងរងចាំមើលថា ការវិលត្រលប់របស់ Zinedine Zidane អាចជួយស្រោចស្រង់ស្ថានការយ៉ាប់យឺនរបស់ Real Madrid បានឬទេ ខណៈដែល Ronaldo មិននៅ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:










