សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពនិងចារឱ្យបង្កើតទិន្នន័យអ្នកដែលត្រូវបណ្ដេញចេញពីក្របខណ្ឌ ដោយសារប្រើ និងពាក់ព័ន្ធសារធាតុខុសច្បាប់ ជៀសវាងចេញពីក្របខណ្ឌមួយហើយចូលក្របខណ្ឌមួយទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចបានឯកភាព និងចារឱ្យបង្កើតទិន្នន័យមន្រ្ដីរាជការរូបណាដែលប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ហើយចែករំលែកឱ្យតាមក្រសួងបានដឹង ជៀសវាងការដកចេញពីក្របខណ្ឌមួយហើយចូលក្របខណ្ឌមួយទៀត។

សម្ដេចធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩» នារៀសលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « មានបងប្អូនខ្លះសួរថា ទុកឱកាសលើកទី២ បានអត់? ខ្ញុំថាបើថាកាប់បន្លា កាប់ឱ្យវាដាច់ បើសិនជាកាប់មិនដាច់ វានឹងមុតយើង គ្រោះថ្នាក់បំផុតបញ្ជូនសារទៅមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ថាអ្នកឯងមានសិទ្ធិកុំប្រើ តែបើអ្នកឯងប្រើមានសិទ្ធិឱ្យហ្រ្វីខាតម្ដង អត់ទេណា….អាហ្នឹងគឺដូចលើកទឹកចិត្តឱ្យប្រើចឹង បានន័យថា គាត់លែងខ្លាចហើយ គាត់នឹងសាកល្បង ហើយបបួលគ្នាសាក ហើយថាយ៉ាងច្រើនសាកល្បងយើងសុំទោសចប់ បើអ៉ីចឹងមែន ទម្រាំតែអនុគ្រោះ តើប៉ុន្មានអ្នកទៅដែលមានបញ្ហា អ៉ីចឹងឱ្យដាច់ណាច់តែម្ដងទៅ ហើយខ្ញុំជឿថា មន្រ្តីរាជការរបស់យើង បើមិនបានប្រើប្រាស់គ្រឿងញៀនមិនដាច់ពោះស្លាប់ទេ បើមិនបានប្រើប្រាស់ ហើយមិនប៉ះពាល់នូវគ្រឿងញៀននេះ កាន់តែមានសុភមង្គលនៅក្នុងគ្រួសារ។ ហើយនេះក៏ជាវិធីសាស្រ្តមួយទៀតដែលសម្អាតចកនៅក្នុងបឹង។ ក្រៅពីនេះ ថ្ងៃមុនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកនូវគំនិតផ្ដួចផ្ដើម មួយជាមួយឯកឧត្តម ទៀ សីហា ហើយខ្ញុំបានឯកភាព និងចាររួចហើយ ឱ្យធ្វើទិន្នន័យមួយ ពិភាក្សាជាមួយក្រសួងការពារជាតិ ជាមួយក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបញ្ជីមួយចែករំលែកទិន្នន័យអ្នកដែលត្រូវបណ្ដេញចេញបីក្របខណ្ឌ ដោយគ្រឿងញៀន និងកំហុសឆ្គង ត្រូវចែករំលែកទិន្នន័យនេះឱ្យដឹង កុំឱ្យដេញចេញពីក្របខណ្ឌមួយ រត់ចូលមួយទៀត ដាក់ឱ្យជាប់តែម្ដង ហើយឱ្យពិនិត្យជាមួយខាងក្រសួងយុត្តិធម៌ គិតគូរ ឥឡូវយើងគ្រាន់តែចែករំលែកទិន្នន័យទេ តែតទៅមុខទៀត កំពុងគិតគូរ ពីក្រមវិធានការទៅខាងមុខដោយផ្អែកលើគោលការច្បាប់ គោលការសន្តិសុខជាតិ គោលការណ៍សន្តិសុខសង្គម គោលការណ៍សិទ្ធិបុគ្គល និងគោលការណ៍ផលប្រយោជន៍សហគមន៍ ថាតើបើអ្នកត្រូវបណ្ដេញចេញហើយ ថាត្រូវបន្តទោសអីទៀត កុំឱ្យរួចខ្លួន យើងមិនមែនផ្ដាច់ជីវិតគាត់ទេ មិនមែនផ្ដល់ឱកាសទីពីរឱ្យគាត់ទេ ប៉ុន្តែត្រូវមានលក្ខខណ្ឌបែបណា បើមិនអ៉ីចឹងទេ រឿងយើងមួយធ្វើហើយអាង អ៉ីចឹងអត់សូវខ្លាចទេ ចេញពីមួយទៅមួយ បើសិនជាយើងមានបែបនេះ គាត់ប្រព្រឹត្ត គាត់លក់ គាត់ប្រើប្រាស់នៅកន្លែងនេះ ហើយគាត់ចេញបានមួយឆ្នាំ ហើយចូលកន្លែងផ្សេងនោះ អ៉ីចឹងគាត់ទៅលក់ដដែលនៅកន្លែងនោះ យើងអត់ដឹងសោះ អ៉ីចឹងយើងប្រើវិធីគ្រប់គ្រងទិន្នន័យ ដើម្បីដឹង ហើយវិធានការប្រើប្រាស់នេះយ៉ាងណាសុំឱ្យគិតគូរជាប្រចាំ »៕



អត្ថបទ៖ លីនី