សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីមានជំនាញ មានសញ្ញាបត្រខ្ពស់ ដើម្បីចូលរួមជួយរដ្ឋាភិបាលដោយទទួលបានប្រាក់ខែនិងអត្ថប្រយោជន៍ដូចមន្ត្រីរាជការពេញសិទ្ធិដែរ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “ ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ” ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា ជាមន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិបាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «កំណែទម្រង់ទី២ នេះ គឺកំណែទម្រង់ ដែលកំពុងតែពិចារណារៀបចំ រចនាសម្ព័ន្ធពិនិត្យតម្រូវការមន្រ្តី ហើយបើរើសហើយត្រូវតែយកទៅឱ្យមន្រ្តីនៅកន្លែងនោះ មួយទៀតផ្ដោតទៅលើរក្សាមន្រ្តីនៅមូលដ្ឋាន រៀបចំគោលនយោបាយយ៉ាងណា កុំឱ្យដាក់ទៅចេះតែបាត់អស់ កុំឱ្យដូចសាំងបើកគម្របទៅហើរអស់។ មន្រ្តីនៅមូលដ្ឋាន មណ្ឌលសុខភាព ខ្វះមនុស្ស សាលាបឋមសិក្សានៅតាមខេត្តខ្វះមនុស្ស ត្រូវមានវិធីសាស្រ្តដើម្បីបញ្ជូនមនុស្សទៅបានត្រូវ ហើយត្រូវមានអ្នកថែរក្សានៅទីនោះ នេះជាការងារដែលចាំបាច់ កុំឱ្យយើងមានបញ្ហាគរនៅមួយកន្លែង ខ្វះមួយកន្លែង ហើយខ្វះមិនចេះចប់ យើងអង្គុយបក់ផ្សែងជានិច្ច ហើយនេះហើយគឺជាគោលការណ៍សំខាន់ត្រូវធ្វើ។ អ៉ីចឹងបានវិធីសាស្រ្តថ្មី រួមទាំងការរើសមន្រ្តីថ្មី មន្រ្តីកិច្ចសន្យាឱ្យកែនិយមន័យ មន្រ្តីកិច្ចសន្យា កុំឱ្យមន្រ្តីកិច្ចសន្យាផ្ដោតទៅលើតែមន្រ្តីរដ្ឋបាល ឬ មន្រ្តីជំនួយការតូចតាច ត្រូវបើកច្រកដល់មន្រ្តីកិច្ចសន្យាជំនាញផង បើសិនជាគាត់មានបណ្ឌិត វេជ្ជបណ្ឌិត គាត់មានសញ្ញាបត្រផ្សេងៗ ទោះគាត់លើសអាយុក៏ដោយ គាត់អាចចូលមកជួយរដ្ឋាភិបាលបាន ដោយមិនចាំបាច់ ចូលមកក្នុងជាក្របខណ្ឌពេញទេ យើងត្រូវគិតគូរ។ ការរៀបចំ ក្របខណ្ឌបៀវត្សត្រូវឱ្យស៊ីសង្វាក់គ្នា ឧទាហរណ៍នៅគិលានុបដ្ឋា នៅមណ្ឌលសុខភាព បើយើងយកមន្រ្តីកិច្ចសន្យា ត្រូវមើលបើសិនគាត់ជំនាញជាគិលានុបដ្ឋា ធ្វើការដូចគេ ដូចឯង ឱ្យប្រាក់ខែគាត់ដូចគេ ដូចឯង អត្ថប្រយោជន៍ដូចគេ ដូចឯងទៅ កុំគិត ៧០% អី។ យកវិធីសាស្រ្តនេះ ទើបយើងមានភាពបត់បែន ហើយយើងអាចបើកច្រកមនុស្សច្រើន ព្រោះខ្ញុំចាំពេលកូវីដ យើងខ្វះពេទ្យ ពេលដែលយើងរៀបចំនៅភ្នំពេញ បើកនៅច្រើន សម្ដេចតេជោ បានអនុញ្ញាតឱ្យរើសពេទ្យ ៣ពាន់នាក់ទៀត ប៉ុន្តែពេលរៀបមណ្ឌលសុខភាពនៅតាមខេត្តយើងនៅតែខ្វះពេទ្យ ពេលនោះយើងបើកឱ្យអ្នកស្ម័គ្រចិត្តចូល បានយើងឃើញថា មានអ្នកដែលមានសញ្ញាបត្រមានលទ្ធភាពជាពេទ្យ គ្រាន់តែគាត់អត់ក្របខណ្ឌចូលមកធ្វើការបាន ហើយអត់ចាំបាច់ចងទេ ហើយខ្ញុំមើលនេះជាទម្រង់ការវិវត្តន៍នៃពិភពលោក នៅប្រទេសច្រើនណាស់គេកាត់បន្ថយមន្រ្តីរាជការក្របខណ្ឌរួមទាំងកងទ័ព ដោយការងារមួយចំនួនផ្អែកទៅលើកុងត្រា កិច្ចសន្យានេះឯង សូម្បីតែកងទ័ព នៅអាមេរិក នៅអូស្រ្តាលី ដែលខ្ញុំទៅ ការងារមួយចំនួនគេលែងប្រើទ័ពទៀតហើយ គេប្រើក្រុមហ៊ុនឯកជនដើម្បីធ្វើការងារហ្នឹង ផ្ដោតលើការងារបានដូចគ្នា ហើយសម្រាប់យើងដូចគ្នា ដូច្នេះយើងត្រូវបើក ជ្រើសរើស។ លោកគ្រូ អ្នកគ្រូ អ្នកគ្រូ នៅតាមមូលដ្ឋាន មិនចាំបាច់ទាល់តែគាត់បានក្របខណ្ឌពេញបានមានសិទ្ធិ យើងត្រូវផ្ដល់សិទ្ធិ និងផ្ដល់ឱកាសឱ្យជាប់គ្នា ប្រើរូបមន្តការគិតគូរបែបនេះ។ នេះហើយដែលខ្ញុំថា គោលដៅនៅតែមួយ ពង្រឹងសាលានៅមូលដ្ឋានដែលពីមុនច្រើនអាណត្តិ យើងរុញសាលាទៅដល់មូលដ្ឋាន តែឥលូវវិធីសាស្រ្តថ្មី យើងធានានូវការធានានៅមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងសរុប និងបើកឱកាស អ៉ីចឹងប្រជាពលរដ្ឋខ្លះ បងប្អូនខ្លះ គាត់ចាប់ផ្ដើម ចេញទៅធ្វើការនៅវិស័យឯកជន ដល់ពេលមួយគាត់ចងមកស្ម័គ្រចិត្តចូលមកបម្រើការងារជូនប្រជាពលរដ្ឋ តែគាត់ហួសអាយុហើយ តែគាត់មានជំនាញ អ៉ីចឹងគាត់ចង់ចូលយ៉ាងម៉េច ឥលូវយើងពិបាកចូលណាស់ ចង់ចូលទាល់តែមានរៀបចំជាក្របខណ្ឌ នយោបាយ ជាទីប្រឹក្សា ឬ មួយជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ តែបើយើងបើកក្របខណ្ឌបែបនេះ គាត់អាចចូលទៅក្នុងប្រអប់តែម្ដង ក្នុងមន្រ្តីដែលធ្វើការងារជំនាញតែម្ដង ដោយក្នុងក្របខណ្ឌបុគ្គលិកកិច្ចសន្យាជំនាញ ៥ឆ្នាំ ឬ អ្វីតែម្ដង ហើយនេះគឺជាវិធីសាស្រ្តមួយដែលយើងគិតគូរ។
សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា៖ «ហើយច្បាប់ការងារបស់យើងគិតទាំងអតីតភាពការងារ ពីអត្ថប្រយោជន៍ ប.ស.ស យើងគិតគូរបូកទាំងអស់តែម្ដង។ ចំពោះមន្រ្តីដែលចូលនិវត្តន៍ យើងអាចកុងត្រាចូលមកវិញ យើងគិតបៀវត្សកម្រិតណាមួយ យើងស្ដាយ ហើយនៅក្នុងកងទ័ពកន្លងទៅនេះ ខ្ញុំបានធ្វើកិច្ចការងារមួយចំនួនដែរ នាយទាហានដែលគាត់ដល់អាយុចូលនិវត្តន៍តែជំនាញ ឥឡូវកុងត្រាគាត់មកវិញ។ អ៉ីចឹង យើងគិតគូរក្របខណ្ឌថ្មី ហើយពេលនោះយើងអត់ខ្វះមនុស្សទេ ហើយភាពបត់បែនរបស់យើង ទោះបីជាចំនួនក្របខណ្ឌរបស់យើងតិចក៏ដោយនៅក្នុង ២០ឆ្នាំទៀត ប៉ុន្តែយើងអត់ខ្វះមនុស្សទេ ព្រោះវិធីសាស្រ្តនៃការរើសមន្រ្តីរបស់យើង យើងបើកភាពបត់បែនមួយ គឺតាមរយៈការបំពេញមន្រ្តីកិច្ចសន្យាជំនាញនេះ អ៉ីជឹងយើងអាចដោះស្រាយបញ្ហានេះ »៕




អត្ថបទ៖ លីនី