អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃចំនួន ២៥នាក់ មានអ្នករងរបួសធ្ងន់ ២នាក់ និងស្រាល ២៣នាក់ ខណៈរាល់ការចំណាយលើការព្យាបាលថៅកែជនជាតិថៃទទួលបន្ទុកទាំងអស់
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនព័ត៌មានថា ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន ២៥នាក់ ក្នុងនោះមានពលករខ្មែររងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលចំនួន២៣ នាក់ ខណៈស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់។

នៅក្នុងសេចក្ដីជូនព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជូនព័ត៌មានដល់ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន មេត្តាជ្រាបថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានទទួល ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកណាឌី ខេត្តប្រាជីនបុរី ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ មានពលករខ្មែរចំនួន ២០នាក់ និងកុមារចំនួន ៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅស្ថិតក្នុងភូមិខ្នងម៉ាឡៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន ២នាក់ និងស្រាលចំនួន ២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន ២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្គ្រោះ បឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់។ អាស្រ័យហេតុនេះ សូមប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន មេត្តាជ្រាប៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា