ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ

    BY Naren March 15, 2024
    ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ

    ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេរបស់កម្ពុជា រីករាយដោយទទួលបានពានរង្វាន់ពីកម្មវិធី Ookla Speedtest Awards ដែលបានប្រកាសនៅក្នុង មហាសន្និបាតពិភពលោក Mobile World Congress (MWC) ធ្វើឡើងនៅទីក្រុងបាសេឡូណាក្នុងខែកុម្ភៈថ្មីៗនេះ។ សែលកាត ទទួលបានពានរង្វាន់ពីរ ពានរង្វាន់ទី១ គឺការឈ្នះលើបណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុត នៅកម្ពុជានិង ពានរង្វាន់ទី២ គឺការឈ្នះលើផ្នែកហ្គេមតាមទូរស័ព្ទដៃល្អបំផុតនៅកម្ពុជា សម្រាប់ត្រីមាសទី៣ ដល់ត្រីមាសទី៤ ឆ្នាំ២០២៣។

    សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿននិងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា

    លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានទៅទទួលពានរង្វាន់ទាំងនេះ ដោយផ្ទាល់ពីកម្មវិធី មហាសន្និបាតពិភពលោក បានមានប្រសាសន៏ថា យើងមានមោទកភាពជាខ្លាំង ក្នុងនាមជាក្រុមហ៊ុនខ្មែរ 100% ដែលបានឈ្នះពានរង្វាន់ដ៏មានតម្លៃទាំងនេះម្តងទៀត។ ពានរង្វាន់ទាំងនេះសបញ្ជាក់ឱ្យឃើញថា សែលកាត នៅតែរក្សាតំណែងជាក្រុមហ៊ុនដែលមានបណ្តាញទូរស័ព្ទដែលមានល្បឿនលឿន និងគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា។

    តាមរយៈរបាយការណ៍ចុងក្រោយបង្អស់ពី Ookla Speedtest Awards អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត មានការពេញចិត្តជាខ្លាំងលើល្បឿនដោនឡូត (Download) ដែលលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលឈានដល់ 33.74 Mbps ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលល្បឿននេះបានយកឈ្នះដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើន។

    ការជម្រុញ​លើកទឹកចិត្ត​​​​​​​​​​​​​​​​​​​​​​​ឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរ

    ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពក្នុងការជម្រុញ​លើកទឹកចិត្ត​​​​​​​​​​​​​​​​​​​​​​​ឱ្យក្រុមហ៊ុនសែលកាត បង្កើនបន្តផ្តល់សេវាកម្មទូរស័ព្ទ ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់​ និងទទួលស្គាល់ផងដែរថា ក្រុមហ៊ុនសែលកាត បានទទួលពានរង្វានពីកម្មវិធី Ookla Speedtest Award លើបណ្តាញទូរស័ព្ទចល័តលឿនបំផុតនេះ  ចំនួនប្រាំបីលើកជាប់ៗគ្នាមកហើយ។

    ក្រុមឯកទេសវិស្វកម្មសែលកាត បានសហការជាមួយដៃគូ ផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធបណ្តាញចាប់ពីឆ្នាំ 2023 បន្តរហូតដល់សព្វថ្ងៃនេះ គឺដើម្បីបន្តជម្រុញ ផ្តល់សេវាកម្មទូរស័ព្ទ ឱ្យមានល្បឿនលឿនកាន់តែប្រសើរឡើងជូនអតិថិជន។

    ប្រសិទ្ធភាព និងការពង្រីកបណ្តាញនៅជួរមុខ

    ជាយុទ្ធសាស្ត្រអាជីវកម្មរបសើក្រុមហ៊ុនសែលកាត គឺជាផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាពបណ្តាញ និងគុណភាពសេវា ដែលជាផ្នែកដ៏សំខាន់របស់ខ្លួន។ នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន ហៅកាត់ថា PIDG បានផ្តល់ការធានាលើប្រាក់ចំនួន ៧០លានដុល្លារអាមេរិក ចំពោះក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)  ដើម្បីលក់សញ្ញាប័ណ្ណនិរន្តរភាពជាអន្តរជាតិដែលទិញដោយក្រុមហ៊ុន Manulife និង Prudential Cambodia​ តាមរយះការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងការផ្តល់កម្ចីហិរញ្ញប្បទាន ពីធនាគារ Deutsche Bank AG សាខាសិង្ហបុរីផងដែរ។ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ សែលកាតនឹងយកទៅពង្រីកបណ្តាញទូរគមនាគមន៍របស់ខ្លួន ពិសេសលើបង្គោលសម្រាប់បណ្តាញ 4G ឧបករណ៍ទូរគមនាគមន៍ 4Gផ្សេងទៀតដែលសន្សំសំចៃថាមពល និងត្រៀមសម្រាប់ការៀបចំបណ្តាញ 5G។

    ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានដែលទទួលបាន គឺពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដើម្បីយកទៅអភិវឌ្ឍ   ល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទឲ្យកាន់តែប្រសើរឡើងសម្រាប់អតិជនក្នុងប្រទេសកម្ពុជា។ គេរំពឹងថា អតិជនជាងមួយលាននាក់នឹងទទួលបានអត្ថប្រយោជន៍ ពីការអភិវឌ្ឍល្បឿនអ៊ីនធឺណិត និងពង្រីកបណ្តាញសេវាទូរស័ព្ទ ដោយប្រើប្រាស់ ទឹកប្រាក់ និងកម្ចីហិរញ្ញប្បទានទាំងនេះ។

    About CAMGSM PLC. (Cellcard) 

    អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត” ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់​ និងល្បីល្បាញ​ មានការច្នៃប្រឌិតខ្ពស់ដំបូងក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្តបំផុត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ជាមួយ មានសេវាគ្របដណ្តប់ទូទាំងប្រទេស និងជាបណ្តាញចែកចាយដ៏ធំទូលាយ។

    សែលកាតនៅតែរក្សាជំហរមិនផ្លាស់ប្តូរ​ ក្នុងការផ្តល់សេវាទូរគមនាគមន៍​ និងនៅតែរក្សាក្នុងការបន្តពង្រីកបណ្តាញសេវាទូរស័ព្ទ និងបណ្តាញទូរគមនាគមន៍កាន់តែល្អប្រសើរនៅក្នុងទីផ្សារទូរគមនាគមន៍កម្ពុជា។

    Share This Post: