សម្ដេចធីបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់ក្មួយៗ និងប្អូនៗជានិស្សិតពេទ្យថា ចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនឆ្លងកាត់ការប្រលងបានឡើយ
នៅក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ទៅកាន់ ក្មួយៗ និងប្អូនៗជានិស្សិតពេទ្យថា ចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនឆ្លងកាត់ការប្រលងបានឡើយ។

សម្ដេចធីបតី ហ៊ុន ម៉ាណែត បានមានប្រាសន៍ថា៖ « ចំពោះការកសាងធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល នៅក្នុងស្ថាប័នរដ្ឋរបស់យើង យើងគិតអំពីការបំពេញ និងថែរក្សាបុគ្គលិកសុខាភិបាល។ អ៉ីចឹងក្នុងនោះយើងគិតគូរអំពីការបណ្ដុះបណ្ដាល ដោយការបណ្ដុះបណ្ដាលនេះ គឺបណ្ដុះបណ្ដាលចេញពីសាលាមក ហើយមួយផ្នែកក៏ត្រូវជាការងាររដ្ឋដែរ បណ្ដុះបណ្ដាលនៅសាលាក្រហម ឬ សាលា IU ឬ នៅសាលាណាក៏ដោយ ចេញមកក៏មានសមត្ថភាពប្រលងចូលក្របខណ្ឌរដ្ឋ ឬត្រូវបានជ្រើសរើស (Recruit) ចូលក្របខណ្ឌរដ្ឋ តាមប្រព័ន្ធជ្រើសរើសមន្រ្តីយើង។ អ៉ីចឹងការបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ទៅលើគុណភាពនៃការអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង ហើយខ្ញុំសូមស្នើសុំក្មួយៗ ប្អូនៗនិស្សិតពេទ្យ កុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រលងនេះជួយយើងពេលដែលយើងទៅធ្វើការ ដូចខ្ញុំថាពេទ្យគឺជាសេនាឱ្យទេវតា យើងត្រូវព្យាបាលមនុស្សឱ្យចំ កុំឱ្យធ្វើអីខុសពីបំណងរបស់យើង ទាំងដែលសមត្ថភាពយើងមាន។
ជាមួយគ្នានេះសម្ដេចក៏បានលើកឡើងជាឧទាហរណ៍ថា ដូចនៅក្នុងកងទ័ពអ៉ីចឹង ជំនាញដោះមីនត្រូវឱ្យច្បាស់ ប្រលងដោះមីន ត្រូវឱ្យតឹង ត្រឹមតែថ្មើរជើងបាញ់កាំភ្លើងខុសមិនអីទេ បាញ់មួយគ្រាប់ទៅពោះតែចំជើង មិនអីទេ តែបើដោះមីនហើយ បើហ៊ានខុសតែបន្តិច នឹងផ្ទុះស្លាប់ខ្លួនឯង និងគេផ្សេង ហើយពេទ្យក៏ដូចគ្នា ត្រូវការច្បាស់លាស់ អ៉ីចឹងសុំឱ្យប្រលង៕





អត្ថបទ៖ លីនី