ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាខា ក.ប.ប. រាជធានីភ្នំពេញ រកឃើញទីតាំងផលិត ចែកចាយ នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ៣ទីតាំង ពុំអនុលោមតាមបទដ្ឋាន និងពុំស្របតាមស្តង់ដារបច្ចេកទេស

    BY Liny Chan March 23, 2024
    សាខា ក.ប.ប. រាជធានីភ្នំពេញ រកឃើញទីតាំងផលិត ចែកចាយ នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ៣ទីតាំង ពុំអនុលោមតាមបទដ្ឋាន និងពុំស្របតាមស្តង់ដារបច្ចេកទេស

    រាជធានីភ្នំពេញ៖ សិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន ២កន្លែង ត្រូវបានកម្លាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខារាជធានីភ្នំពេញ បានរកឃើញថា ពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន។

    បើតាមការបញ្ជាក់របស់ សាខា ក.ប.ប. រាជធានីភ្នំពេញ នៅលើផេកផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយលោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញបានខិតខំអនុវត្តតួនាទីរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

    ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣ខាងលើ ត្រូវបានមន្ត្រីយើងរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាននោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប.

    Share This Post: