កីឡា

អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហមលោក Jose Mourinho ជឿជាក់ថាក្រុម Barcelona និងក្រុមសេះបង្កង់ Juventus នឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ UCL

BY
Khmernote Media
March 26, 2019

នៅក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលពានប្រចាំទ្វីបអឺរ៉ុប Uefa Champion League ទើបតែបានបញ្ចប់ថ្មីៗនេះ ដោយមានក្រុមមកពីអង់គ្លេសរហូតដល់ទៅ៤ក្រុម ដែលអាចលេងនៅក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះយើងឃើញដែរថា មានរឿងដែលមិនគួរអោយជឿជាច្រើនដូចជាក្រុម ក្រុម Ajax ទម្លាក់ក្រុមការពារជើងឯក Real Madrid និងក្រុម PSG ធ្លាក់ដោយសារក្រុមបិសាចក្រហម Manchester Unitedក្នុងទឹកដីជើងទីពីរ៣ទល់នឹង០ ដូចនេះហើយវាមានការលំបាកបន្តិចក្នុងការទស្សទាយលទ្ធផលនៅវគ្គ៨ក្រុមខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Jose Mourinho បានទស្សទាយហើយថាមានពីរក្រុមដែលអាចនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា លោក Mourinho បានចាប់ផ្តើមរដូវកាលជាមួយក្លឹប Manchester United និងបានដឹកនាំក្រុមឡើងផុតវគ្គចែកពូលមុននឹងត្រូវបានបញ្ចប់កុងត្រាជាមួយក្លឹបនៅខែធ្នូឆ្នាំមុននេះ។ ហើយពេលនេះលោកត្រូវតែអង្គុយមើលក្លឹបចាស់របស់លោកប៉ះជាមួយក្រុមអ្នកមានបុណ្យ Barcelona ក្នុងវគ្គ៨ក្រុមនៃ UCL ខណៈដែរ ការប្រកួតនៅប្រហែលជា២អាទិត្យទៀតតែប៉ុណ្ណោះ។ ថ្វីត្បិតតែលោកបានដឹកនាំក្រុមបិសាចក្រហមកាលពីដើមរដូវកាលនេះក្តី ប៉ុន្តែលោកមិនដែលគិតថាក្រុម Manchester United អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងខែឧសភានេះឡើយ។ ជាក់ស្តែង គាត់បានទស្សទាយថា ក្រុមបិសាចក្រហមនឹងធ្លាក់នៅវគ្គ៨ក្រុម ហើយគាត់មានអារម្មណ៍ថាក្រុម Barcelona អាចនឹងទៅមុខហើយនឹងប្រឈមជាមួយសេះបង្កង់ Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងម៉ាឌ្រីត។

ក្នុងនោះដែរលោក Mourinho បាននិយាយថា ” ក្រុមដែលខ្ញុំពេញចិត្ត?? ខ្ញុំនឹងនិយាយថាក្រុមសេះបង្កង់Juventus និងក្រុម Barcelona។ អ្នករាល់គ្នានិយាយពី Ronaldo ហើយនិង Messi ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំសុំនិយាយពី Barcelona និង Juventus ជំនួសវិញ” ហើយលោកបានបន្ថែមទៀតថា ”ក្រុមមកពីអង់គ្លេស Ajax និងPorto សុទ្ធតែល្អទាំងអស់ ប៉ុន្តែពួកគេមិនមានបទពិសោធន៍គ្រប់គ្រាន់ ខណៈដែលក្រុមJuventus និង Barcelona មាន Ronaldo និង Messi វាហាក់ដូចជាបន្ថែមថាមពលដ៏ធំសម្រាប់ក្រុម”។ តើអ្នកស្របនូវអ្វីដែលលោក Mourinho បានលើកឡើងទេ ហើយអ្នកក៏អាចលើកឡើងពីមតិយោគបល់របស់លោកអ្នកនៅខាងក្រោមបាន៕


អត្ថបទ៖ សុគុណា
ប្រភព៖ GivemeSport

Share This Post: