កីឡា

អតីតគ្រូបង្វឹកបិសាចក្រហម Manchester United បាននិយាយថា លោក Mourinho និងអ្នកចាត់ការទូទៅពេលបច្ចុប្បន្នរបស់ Manchester United លោក Solskjear គ្មានអីខុសគ្នាទេ

BY
Khmernote Media
March 27, 2019

អតីតគ្រូបង្វឹកសញ្ជាតិហូឡង់បានចំនាយពេល២ឆ្នាំជាមួយបិសាចក្រហម និងបានឈ្នះពាន FA Cup មុននឹងត្រូវបានជំនួសតំណែងដោយលោក Mourinho ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយ BBC លោក Van Gaal បានបង្ហាញពីអ្វីដែលគាត់គិតអំពីគ្រូបង្វឹកថ្មីរបស់ក្រុម Manchester United ហើយថាតើលោក Solskjear ពិតជាបានផ្លាស់ប្តូរទំរង់លេងរបស់ក្រុមនេះដែរឬទេ។ ក្នុងនោះដែរលោកបាននិយាយថា ”គ្រូបង្វឹកដែលផ្លាស់ប្តូរចូលបន្ទាប់ពីរូបខ្ញុំលោក Mourinho បានផ្លាស់ប្តូរទំរង់លេងទប់ឬក្បួនចតឡានក្រុងនិងចាំវៃបកវិញ” ហើយលោក Van Gaal បានបន្ថែមទៀតថា ”ឥឡូវនេះមានគ្រូបង្វឹកមួយទៀតហើយដែលចតឡានក្រុង ហើយចាំវៃបកដូចគ្នា ប៉ុន្តែចំនុចខុសគ្នារវាងលោក Mourinho និងលោក Solskjear គឺលោក Solskjear អាចទទួលបានជោគជ័យ។ ខ្ញុំមិនបាននៅទីនោះទៀតទេប៉ុន្តែវាមើលទៅហាក់ដូចជាបានកែប្រែ និងបរិយាកាសប្រសើរជាងមុនឆ្ងាយ។ ហើយជាការពិតណាស់លោក Solskjear បានផ្លាស់ប្តូរទំរង់លេងរបស់ Paul Pogba ហើយបានដាក់កីឡាកររូបនេះចំចំនុចតែម្តង”។

” ប៉ុន្តែវិធីដែលក្រុមបិសាចក្រហមកំពុងតែលេងពេលឥឡូវនេះ មិនមែនជាយុទ្ធសាស្ត្រលេងរបស់លោក Sir Alex Ferguson លេងនោះឡើយ។ វាគឺជាការការពារ ហើយចាំវាយបកវិញ។ បញ្ជាក់ផងដែរថា Solskjear ទើបតែចាញ់ពីរប្រកួតនោះទេ ហើយគាត់ត្រូវតែគ្រប់គ្រងស្ថានភាពនេះ។ វាពិតជាមានសារៈសំខាន់ណាស់ដែរថា ក្រុមបិសាចក្រហមអាចឡើងទៅវគ្គបន្តនៅក្នង UCL សម្រាប់ខ្ញុំនៅពេលដែលខ្ញុំធ្វើជាគ្រូបង្វឹក” លោក Van Gaal បន្ថែម។ លោកបាននិយាយទៀតថា ” ប៉ុន្តែពួកគេអាចឈ្នះពាន UCL បានព្រោះពួកគេលេងប្រព័ន្ធការពារឬទប់ និងពិបាកក្នុងការយកឈ្នះពួកគេ” ។ គួរបញ្ជាក់ផងដែរថាក្រោមការដឹកនាំរបស់លោក Solskjear ក្រុម Manchester United បានខំប្រឹងប្រែងរហូតបានជាប់ជា៤ក្រុមក្នុងកំពូលតារាង EPL និងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងពានលំដាប់កំពូលរបស់អឺរ៉ុប UEFA Champion League ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការចាញ់ពីរប្រកួតជាមួយ Arsenal និង Wolves បានបង្ករជាការព្រួយបារម្ភសម្រាប់បិសាចក្រហមនៅក្នុងរដូវកាលនេះ ខណៈដែររដូវកាលនេះជិតនឹងបញ្ចប់៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sport

Share This Post: