ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ០២កន្លែងនៅខេត្តស្វាយរៀង ក្រោយរកឃើញមិនមានលិខិតអនុញ្ញាត

    BY Liny Chan May 22, 2024
    ក្រសួងសុខាភិបាល សម្រេចបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ០២កន្លែងនៅខេត្តស្វាយរៀង ក្រោយរកឃើញមិនមានលិខិតអនុញ្ញាត

    ខេត្តស្វាយរៀង៖ ក្រសួងសុខាភិបាលសម្រេចបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ០២កន្លែង ដែលរកឃើញមិនមានលិខិតអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ។

    ការបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយ លោកព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង លោកអភិបាលរងក្រុងបាវិត លោកអធិការរងនៃអធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ០២កន្លែង ដែលមិនមានលិខិតអនុញ្ញាត ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានអនុវត្តនីតិវិធីដូចខាងក្រោម៖

    ១.ទីតាំង ហាងថែរក្សាមាត់-ធ្មេញ ៩៨ ៖បានដកហូតសំភារៈ បរិក្ខារដែលផ្តល់សេវា និងបិទផ្អាកទីតាំងបណ្តោះអាសន្ន។
    ២.ទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ មាត់-ធ្មេញ QUOC TE SMILE បានបិទផ្អាកមិនឱ្យដំណើការបណ្តោះអាសន្ន៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: