កីឡា

ទីបំផុតក្តីស្រមៃអ្នកគាំទ្របិសាចក្រហម Machester United បានក្លាយទៅជាការពិតហើយ!! ដោយលោក Ole Gunnar Solskjear ក្លាយជាគ្រូបង្វឹកពេញសិទ្ធ និងចុះកុងត្រាជាមួយបិសាចក្រហមចំនួន៣ឆ្នាំ

BY
Khmernote Media
March 29, 2019

គ្រូបង្វឹកសញ្ជាតិណូរវែវ័យ ៤៥ឆ្នាំ លោក Ole Gunnar Solskjear បានមកកាន់ទឹកដី Old Trafford ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងខែធ្នូកាលពីឆ្នាំ២០១៨ ដើម្បីជំនួសតំណែងរបស់លោក Jose Mourinho។ ជាមួយគ្នានេះដែរ លោក Solskjear បានចំណាយពេល ១១រដូវកាលជាមួយបិសាចក្រហមកាលដែលនៅប្រកបអាជីពជាកីឡាករ ហើយបានស៊ុតបញ្ចូលទីឈ្នះពាន Champion Leagueនៅក្នុងឆ្នាំ ១៩៩៩ថែមទៀតផង។ ហើយទីបំផុតក្រុមបិសាចក្រហមបានចុះកុងត្រាជាមួយលោក Solskjea អោយក្លាយជាអ្នកចាត់ការទូទៅជាមួយកុងត្រា ៣ឆ្នាំ។

លោកគ្រូបង្វឹក Solskjear បាននិយាយថា ” នេះជាការងារដែលខ្ញុំតែងស្រមៃចង់ធ្វើវា ហើយខ្ញុំពិតជារំភើបរីករាយមែនទែននៅពេលដែលមានឱកាសដឹកនាំក្លឹបរយៈពេលវែងបែបនេះ” ហើយគាត់បានបន្ថែមទៀតថា ”ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ ខ្ញុំមានអារម្មណ៍ដូចជានៅផ្ទះ នៅក្នុងក្លឹបដ៏ពិសេសមួយនេះ ហើយវាក៏ជាកិត្តិយសមួយដែលក្លាយជាកីឡាកររបស់បិសាចក្រហមមួយរូប និងបានក្លាយទៅជាគ្រូបង្វឹកនៅក្នុងក្លឹបមួយនេះផងដែរ និងមិនតែប៉ុណ្ណោះ រយៈពេលប៉ុន្មានខែចុងក្រោយនេះ បានផ្តល់បទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់ខ្ញុំ” ។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេចាញ់តែមួយដងគត់នៅក្នុងការប្រកួតក្នុងលីគចំនួន ១៣ដង ដោយចាញ់ម្តងពេលប៉ះជាមួយ Arsenal នៅក្នុងខែនេះ ហើយឥឡូវនេះពួកគេនៅក្រោមក្រុមកាំភ្លើងធំ Arsenal ២ពិន្ធុផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Solskjear​ គឺជាគ្រូបង្វឹកដំបូងគេរបស់បិសាចក្រហម Manchester ដែលដឹកនាំឈ្នះ៦ប្រកួតជាប់គ្នា និងបំបែកកំណត់ត្រារបស់លោក Sir Matt Busby។ ពេលនេះផងដែរ United បានឡើងដល់វគ្គ៨ក្រុមនៃ Champion League ជាលើកដំបូងគិតចាប់តាំងពី ២០១៤មក បន្ទាប់ពីពួកគេវាយបកយកឈ្នះនៅជើងទីពីរ ៣ទល់នឹង០ ជាមួយ PSG ខណៈដែរពួកគេបានចាញ់នៅជើងទីមួយក្នុងទឹកដីខ្លួនឯងនៅលទ្ធផល២ទល់នឹង០៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: