សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ នេះ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ការធ្វើត្រូវធ្វើបន្ទាន់ ព្រែកជីកហ្វូណន នេះដូចគ្នា ត្រូវធ្វើឥឡូវអត់ចាំអ្នកណាទៀតទេ ហើយមានគេសួរច្រើនណាស់ ហើយមានអ្នកខ្លះចេញមកថាអញ្ចេះ ថាអញ្ចុះ។ អ្នកខ្លះថា ធ្វើព្រែកជីកដើម្បីផលប្រយោជន៍សម្រាប់វៀតណាម ម្ដងថា ផលប្រយោជន៍ចិន អត់ទេ អ្នកណាថាអីថាទៅ ធ្វើនៅក្នុងទឹកដីខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ នេះគឺជាអ្វីដែលយើងត្រូវធ្វើព្រែកជីកហ្វូណនតេជោ»។
សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ « កិច្ចការងារនេះ យើងមិនបង្អង់ទេ ហើយកិច្ចការនេះព្រែកជីកពេលដែលចាប់ផ្ដើមសាងសង់ នឹងមានខ្មែរយើងចូលរួមជាភាគច្រើន។ ពិតណាស់យើងចចារជាមួយក្រុមហ៊ុនចិន ដោយសារគាត់មានបច្ចេកទេស ហើយដាក់ទុនមួយចំនួនដើម្បីធ្វើ ប៉ុន្តែឥឡូវនេះយើងបានចចារ ហើយសុំជម្រាបលោកយាយលោកតាថា ខ្មែរយើងនឹងមានភាគច្រើននៅក្នុងគម្រោងនេះនៃការសាងសង់តែម្ដង ហើយការបើកមិនចាំយូរ កុំឱ្យយប់យន់សុបិន្តច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រម៉ៃទាល់តេធ្វើតែម្ដង អ៉ីចឹងយើងនឹងបើកការដ្ឋាននៅក្នុងខែសីហា ខាងមុខនេះ ដើម្បីសងព្រែកជីកហ្វូណនតេជោ »៕



អត្ថបទ៖ លីនី