សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល” ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « យើងមានករណីចង់ស៊ីឡាក់ មិនមែនអត់ទេ ប៉ុន្តែត្រូវមានការចូលរួម និងអនុវត្តច្បាប់ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែយើងមិនប្រកាស ប៉ុន្តែមានរឿងស៊ីឡាក់ហ្នឹង។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា ទាំងគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជម្រុញការបង្កើតសុក្រឹតភាព ដើម្បីធានានូវភាពជឿជាក់ ធានានូវការដែលចូលបានដោយសមត្ថភាពរបស់មន្រ្តីរបស់យើង សម័យឥឡូវមិនមែនសម័យប្រឡងមិនជាប់ មន្រ្តីដាច់ពោះនោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ។ អ៉ីចឹង គឺត្រូវធ្វើយ៉ាងម៉េចរួមគ្នា ឱ្យប្រព័ន្ធមួយនេះជោគជ័យ ហើយជាពិសេស គឺសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង »។
សម្ដេចបានគូសបញ្ជាក់ផងដែរថា៖ « មន្រ្តីចូលបម្រើរដ្ឋត្រូវចាប់ផ្ដើមពីខ្លួនឯង មានទឹកចិត្ត មិនមែនជាការវិនិយោគទេ។ វិនិយោគកម្លាំងចិត្ត កម្លាំងកាយខិតខំរៀនសូត្រ វិនិយោគប៉ុណ្ណឹង មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកា ដើម្បីសូកគេនោះទេ ត្រូវវិនិយោគការខិតខំប្រឹងប្រែង ដើម្បីធានាបានហើយការខិតខំប្រឹងប្រែងធានានូវសុក្រឹតភាព និងភាពត្រឹមត្រូវនៃកិច្ចប្រលងនេះ គឺជាឧទាហរណ៍មួយប៉ុន្តែជាកិច្ចការធំណាស់ សម្រាប់ផ្ដល់ការលើកទឹកចិត្តដល់កូនខ្មែររបស់យើងដែលចង់ក្លាយទៅជាមន្រ្តីបម្រើរាស្រ្ត »៕






អត្ថបទ៖ លីនី