សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «កម្ពុជាត្រូវរស់ពឹងខ្លួនឯងទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីថោក ហើយមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅតែពឹងគេមួយជីវិត »
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង” ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កម្ពុជាត្រូវរស់ពឹងខ្លួនឯងទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីថោក ហើយមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅតែពឹងគេមួយជីវិត »។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «បើយើងនៅជាប្រទេសអភិវឌ្ឍតិច យើងមានផលប្រយោជន៍មួយចំនួន ដូចជាគេឱ្យថវិកាយើងខ្ចី ដោយគិតអត្រាទាបជាដើម ប៉ុន្តែពេលដែលយើងចេញពីចំនុចនេះ គោលការណ៍អនុគ្រោះមួយចំនួនគេលែងឱ្យទៀតហើយ យើងត្រូវរស់ខ្លួនឯង។ សំនួរសួរថា ចុះហេតុអ្វីកម្ពុជាមិនព្រមនៅ LDC (ប្រទេសអភិវឌ្ឍតិច) ទៅ គេឱ្យយើងច្រើន គឺអត់ទេ យើងអត់ត្រូវការដោយសារប្រណីរបស់គេទេ យើងត្រូវការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង។ បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីថោក អ្វីៗគ្រប់យ៉ាងយើងមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅតែពឹងគេមួយជីវិត តែបើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅដើម្បីក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ ពីប្រទេសដែលអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមាន២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីយើងដាក់ទិសដៅពង្រឹងខ្លួនឯង។ អ៉ីចឹងនេះ គឺធានានូវឯករាជ្យភាពរបស់យើង ពាក្យដែលយើងចង់ឯករាជ្យ ត្រូវតែធ្វើ ត្រូវតែប្រឹងខ្លួនឯង រស់ខ្លួនឯង មិនត្រូវពឹងការអនុគ្រោះ យោគយល់ដោយពីណាគេ ប្រកួតស្មើគ្នាជាមួយគ្រប់ប្រទេសទាំងអស់ នេះគឺជាអ្វីដែលត្រូវធ្វើ»៕


អត្ថបទ៖ លីនី