ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីក.ប.ប. រកឃើញផ្លែទុរេននាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណច្បាស់លាស់

    BY Khmernote Media June 21, 2024
    មន្ត្រីក.ប.ប. រកឃើញផ្លែទុរេននាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមិនទាន់អាចកំណត់អត្តសញ្ញាណច្បាស់លាស់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។

    ក្រោយទទួលព័ត៌មានខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួន នៃប្រទេសកម្ពុជា។

    យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេន បានអះអាងថា ផ្លែទុរេនដែលពួកគាត់ ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

    ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណ នៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

    អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។

    ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្ដល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកកាន់៖

    * Call Center របស់ក្រសួងពាណិជ្ជកម្ម ១២៦៦
    * លេខទូរសព្ទទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប.៖ ០៩២ ៨៣០ ៨៥៦៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay