ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា វីដេអូដែលគេបង្ហោះថាមានសត្វខ្លាចង់ខាំសត្វឆ្កែ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាវីដេអូមានប្រភពមកពីបរទេស មិនមែននៅកម្ពុជាទេ

    BY Liny Chan June 25, 2024
    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា វីដេអូដែលគេបង្ហោះថាមានសត្វខ្លាចង់ខាំសត្វឆ្កែ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាវីដេអូមានប្រភពមកពីបរទេស មិនមែននៅកម្ពុជាទេ

    (រាជធានីភ្នំពេញ)៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្តនូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

    ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​ នេះ បានគូសបញ្ជាក់នៅលើផេកផ្លូវការថា វីដេអូនោះ បានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ ហើយតាមការស្រាវជ្រាវ វីដេអូនេះត្រូវបានសារព័ត៌មានបរទេសបានផ្សាយតាំងពីអំឡុងខែមេសា ឆ្នាំ២០២៤ មកម្ល៉េះ។

    ទន្ទឹមនឹងការបញ្ជាក់នោះ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឲ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើអោយមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

    អត្ថបទ៖ លីនី
    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: