អបអរសាទរ! កូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាស២គ្រឿង លើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស
- June 26, 2024
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរកូនប្រុសពៅ «កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ» ប្រឡងកំរិតសកលនៅទីក្រុងឌូបៃ ទទួលបានមេដាយមាសចំនួនពីរគ្រឿង ទៅលើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។

តាមរយៈការបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « អបអរសាទរកូនប្រុសពៅ ដែលបានទទួលមេដាយមាសពីរ (មេដាយមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដាយមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស) ក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ»។
សូមជម្រាបជូនថា នៅយប់ថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារអបអរសាទរចៅប្រុសរបស់សម្តេច ដោយមានខ្លឹមសារថា៖
«តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេតែតាពិតជាមានមោទនភាពតាំង
ពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។
តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿងមួយគ្រឿងសម្រាប់គណិតវិទ្យានិងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយតែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។
តាក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់និងកំរិតខុសៗគ្នាដែលបង្ហាញថាចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»










ប្រភព៖ Hun Manet
- Share This Post:






