សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលរើសកម្លាំង ត្រូវផ្តល់អាទិភាពឱ្យកូនចៅរបស់អតីត នគរបាល ទាហាន ឬ កងរាជអាវុធហត្ថ ឱ្យពួកគាត់មានឱកាសបំពេញភារកិច្ចបន្តវេនពីឱពុកម្ដាយ
នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនាំ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤” ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែននាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ ដើម្បីឱ្យគាត់មានឱកាសបំពេញភារកិច្ចបន្តវេន ពីឱពុកម្ដាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កន្លងទៅពេលដែលខ្ញុំនៅជើងគោក ពេលឆ្នាំ២០១៩ យើងបានរើសទ័ពបំពេញឱ្យយោធិនដែលចូលនិវត្តន៍កាលនោះជាង ២ពាន់នាក់ ខ្ញុំបានបង្កើតគណៈកម្មកាមួយឱ្យអាទិភាពទៅលើកូនចៅរបស់អតីតយុទ្ធជន កងទ័ព ប៉ូលីស អាវុធហត្ថ ស៊ីម៉ាក់ ដើម្បីចូល កាលនោះយើងរើសបានដូចជា ៩០ភាគរយ សុទ្ធតែបងប្អូន ហើយតាមរយៈការប្ដូរគោលការណ៍ ឱ្យរើសតាម ០១០ ពេលដែលទ័ពរត់ចោលជួរ ឬ បោះបង់កម្រិតណា ដែលយើងរើសថ្មី ខ្ញុំតែងតែចេញគោលការណ៍ឱ្យបណ្ដាយុទ្ធភូមិភាគ បណ្ដាអង្គភាព ផ្ដល់អាទិភាពទៅលើកូនចៅ របស់យោធិនដែលកំពុងធ្វើការ ឬ អតីតយោធិននៅទីនោះ ដើម្បីបានចូលបម្រើកងទ័ពបន្តវេនពីឪពុកម្ដាយ។ អ៉ីចឹងខ្ញុំសូម ផ្ដល់គោលការណ៍ ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ អគ្គបញ្ជាការ ក៏ដូចជា អគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មី បំពេញទៅថ្ងៃក្រោយ សូមផ្ដល់អាទិភាពដល់កូនចៅ អតីតយុទ្ធជន កូនចៅ អតីតប៉ូលីស កូនចៅអតីតអាវុធហត្ថផង ឱ្យគាត់បានមានឱកាសនៅក្នុងការចូលនៅក្នុងការបំពេញភារកិច្ចបន្តវេន ពីឱពុកម្ដាយ។ ជាពិសេសផ្ដោតទៅលើអ្នកមូលដ្ឋានតែម្ដង បើរើសទ័ព រើសនគរបាល បំពេញឱ្យទិសភូមិភាគ ៥ ត្រូវយកអ្នកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កុំយកអ្នកពីភ្នំពេញទៅ បើរើសបំពេញឱ្យភូមិភាគទី២ យកអ្នកពីក្រចេះ អីទៅ ព្រោះទ័ពយើងភាគច្រើនមូលដ្ឋាន អ៉ីចឹងសូមបន្តនូវគោលការណ៍នេះ ដើម្បីផ្ដល់ឱកាស និងជាការលើកទឹកចិត្ត ជូនអតីតយុទ្ធជនរបស់យើង»៕




អត្ថបទ៖ លីនី