ក្នុងរយៈពេល៥០ថ្ងៃ! រាជបណ្ឌិតសភាជីកព្រំការពារ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» បានជាង១ម៉ឺនម៉ែត្រហើយ
- June 26, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥០ថ្ងៃ រាជបណ្ឌិតសភា ជីកព្រំការពារ ឧទ្យានរាជបណ្ឌិត្យសភា កម្ពុជាតេជោសែនឫស្សីត្រឹប បាន ១១ ៦៧៧ម៉ែត្រ។ នេះបើតាមការឱ្យដឹងពីមន្ត្រី ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា កាលពីដើមខែឧសភា ឆ្នាំ២០២៤ បានបើកការដ្ឋានជីកព្រំការពារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប ដែលមានប្រវែង ៥២ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ជម្រៅ២,៥ ម៉ែត្រ ចំណាយថវិកាសរុប ៥២ ម៉ឺនដុល្លារអាម៉េរិក ដែលថវិកាទាំងនោះបានមកការបរិច្ចាគរបស់សប្បុរសជនក្នុង និងក្រៅប្រទេស។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ឧទ្យានជាតិតេជោសែនឫស្សីត្រឹប សម្រេចជីកប្រឡាព្រំបាន ១១ ៦៦៧ ម៉ែត្រហើយ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ ១១,៤៣៥ គីឡូម៉ែត្រការ៉េ មានទីស្នាក់ការនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវព្រះមហាក្សត្របានឡាយព្រះហស្ថលេខា និងចេញព្រះរាជក្រឹត្យ ដាក់ជាតំបន់អភិរក្ស នៅក្នុងឆ្នាំ ២០១៤ ដើម្បីការពារសម្បត្តិព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបក្នុង ស្រុកឆែប ខេត្តព្រះវិហារ៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






