ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ថៃ ឯកភាពគ្នាស្នើឱ្យមានកិច្ចសហការដើរល្បាតតាមបណ្ដោយព្រំដែន ដើម្បីទប់ស្កាត់បទល្មើស

    BY Khmernote Media June 28, 2024
    កម្ពុជា-ថៃ ឯកភាពគ្នាស្នើឱ្យមានកិច្ចសហការដើរល្បាតតាមបណ្ដោយព្រំដែន ដើម្បីទប់ស្កាត់បទល្មើស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី៣០ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) ប្រព្រឹត្តធ្វើឡើងអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ Krugsri River ខេត្តព្រះនគរស្រីអយុធ្យា ព្រះរាជាណាចក្រថៃ។

    ក្នុងកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីកម្ពុជា ឯភាគីថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិតសាក់ណុផុង រ៉តស៊ិរិ មេបញ្ជាការកងទ័ពភូមិភាគទី១ ជាសហប្រធាននៃអង្គប្រជុំរួម។ ការប្រជុំនេះមានគោលបំណងដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពកងទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណាក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

    អង្គប្រជុំបានរំលឹកឡើងវិញ ពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៩ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើដើម្បីយកមកពិចារណា និងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ។

    ក្នុងរយៈពេលពីរថ្ងៃនេះ អង្គប្រជុំមានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបញ្ហាផ្សេងៗក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តន៍ទៅតាមអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

    ភាគីទាំងពីរបានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សាដើម្បីកំណត់ទិសដៅក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ។ ភាគីទាំងពីរបានឯកភាពគ្នា ស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុននឹងមានការហោះហើរ។

    អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣១ នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ការកំណត់ពេលវេលា និងទីកន្លែង នឹងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay