ព័ត៌មានជាតិ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ ដោយទទួលបានថវិកាបរិច្ចាគប្រមាណជាង ៣,៣លានដុល្លារ

BY
Khmernote Media
July 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣លានដុល្លារ ពីសប្បុរជនជាង ២៤ម៉ឺននាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនថា៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការ ចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជា ប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣លានដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរាងៗខ្លួន ដូចជា តាមរយៈការចូល រួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញ៉ាំង ឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យ យ៉ាងធំធេង ដោយថែមទាំងទទួលបានផងដែរនូវការកោតសរសើររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ការគិតគូរ និងរៀបចំយុទ្ធនាការដែល មានអត្ថន័យដ៏ធំធេងចំពោះសុខភាពទារក និងកុមារនៅកម្ពុជានៃយើង។

តាមសំណេររបស់ លោកជំទាវបណ្ឌិតប្រធានកិត្តិយស, ទោះបីជាយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និង នៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕

ប្រភព​៖​ ក្រសួងព័ត៌មាន

Share This Post: