ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបក្រុមក្មេងទំនើង ធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព

BY
Khmernote Media
July 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្ត បង្ក្រាបក្មេងទំនើងធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្ដម កោះប្រជុំជាបន្ទាន់ ជាមួយគណៈបញ្ជាការឯកាភាពខណ្ឌទាំង១៤ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើង ត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែល អាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់ មិនឱ្យមានការ ចោល សំរាម ចោលកម្ទេចសំណង់នានា ចូលទៅក្នុងទន្លេ។

ឯកឧត្ដម បានបន្តថា៖ ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌ ទាំង១៤ត្រូវតែបន្តបង្ក្រាបឱ្យ ខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែលុបបំបាត់ មិនត្រូវឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃឱ្យ បានខ្លាំង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់។ ទប់ស្កាត់ការយកភាស៊ី ចំពោះអ្នកយក លុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

ឯកឧត្ដមបានបញ្ជាក់ថា៖ ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឱ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្រប បៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើ ជាគម្របបៃតងឱ្យបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញ ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ជាមួយនឹងការបន្ថែមខ្សែរត់រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

ឯកឧត្ដមបានបញ្ជាក់ថា៖ ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញ ចូលតែមួយ ពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវ បន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឱ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេង ទំនើងបានចំនួន១៧ក្រុម ដែលធ្វើអោយក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន១០០ភាគរយហើយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: