តំបន់បេតិកភណ្ឌធម្មជាតិ«គិរីយង់» ក្នុងខេត្តបាត់ដំបង ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
- July 2, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ៩៨៤.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងរៀបចំដែនដី។

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
សូមបញ្ជាក់ជូនថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ត្រូវបានបង្កើតឡើងតាមមអនុក្រឹត្យលេខ ៦៦អនក្រ.បក ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្នុងគោលបំណង៖
១. ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់
២. កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ
៣. ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់បម្រើដល់ ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន
៤. ផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
និង៥. លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






