សត្វ«រុយស» កំពុងវាយលុកខេត្តចំនួន៣ នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលបង្កការលំបាកដល់ប្រជាកសិករ
- July 3, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រោយពីការរីករាតត្បាតនៃដង្កូវហ្វូងបំផ្លាញស្រូវ និងដំណាំកសិករយ៉ាងហោច ណាស់១៥ខេត្ត រួចមកនៅពេលនេះបានលេចវត្តមានសត្វរុយស កំពុងវាយលុកក្នុងខេត្ត ចំនួន៣ នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលជាបន្ទុកបង្កការលំបាកដល់ប្រជាកសិករ បន្ថែមមួយទៀត។

មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ជំទាវ អ៊ឹម រចនា នាពេលថ្មីៗនេះបានឱ្យដឹងថា ការផ្ទុះលេចចេញវត្តមានសត្វរុយសនេះគឺបានកើតឡើង ខេត្តចំនួន ៣គឺ ខេត្តស្វាយរៀង ព្រៃវែង និងតាកែវ។
មន្រ្តីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ”សត្វល្អិតចង្រៃប្រភេទនេះ បើប្រៀបធៀប គឺជាពពួកសត្វដែធន់នឹងថ្នាំសម្លាប់សត្វជាងដង្កូវហ្វូង។ ក្រៅពីនេះវាជាសត្វដែល អាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។ ប្រភេទរុយសនេះអ្វីដែលសំខាន់ គឺនៅពេលដែលយើងបាញ់ថ្នាំវានឹងហោះទៅកន្លែងផ្សេង ដែលនេះមានន័យថាវាអាចរាតត្បាតទៅកន្លែងផ្សេងទៀតបាន”។
តើសត្វរុយសជាប្រភេទសត្វល្អិតដូចម្តេច? រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមាន ដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌ស។ រុយស ដែលបំផ្លាញ ដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam។ វដ្តជីវិតរបស់រុយសមានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។
ក្រៅពីនេះរុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ហើយពួកវានឹងធ្វើសកម្មខ្លាំងនៅពេលព្រឹកដែល ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។ សត្វល្អិត ចង្រៃប្រភេទនេះវានឹង បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ដែលពិសេសដំណាក់កាលចេញកូរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
សម្រាប់វិធានការគ្រប់គ្រង និងកម្ចាត់រុយស គឺត្រូវឧស្សាហ៍ចុះពិនិត្យវត្តមាន រុយសក្នុងស្រែយ៉ាងតិច ២-៣ដងក្នុងមួយសប្តាហ៍។ នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅពេលព្រឹក ចន្លោះម៉ោង ៦:០០-៩:០០។ ត្រូវសម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេណស្រែ។ ប្រើអន្ទាក់ស្អិតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។ បើក្នុងករណីមានសត្វរុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រា និងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច។
កសិករត្រូវបាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចចោះឱ្យស្អាត ហើយបាញ់កន្លែងដែលកើតរុយស)។ ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណា ដែលមានបញ្ជីការ ត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl។
គួរបញ្ជាក់ថា បើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រភពនៃការកកើតមានដង្កូវហ្វូង និងសត្វល្អិតចង្រៃមួយចំនួនទៀត ដោយសារតែការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេល វែងកន្លងមក។ ពិសេសដង្កូវហ្វូងកន្លងមកបានបំផ្លាញដំណាំកសិករជាច្រើនដូចជា ដំណាំស្រូវ ដំឡូងមី និងដំណាំជារុក្ខជាតិជាច្រើនទៀត ៕




- Share This Post:






