ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    «កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍» ជួយដល់សិស្សពិការភ្នែកក្នុងការអានជាអក្សរខ្មែរ ទទួលជ័យលាភី “Best Accessibility Award” នៅទីក្រុងសៀងហៃ

    BY Liny Chan July 6, 2024
    «កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍» ជួយដល់សិស្សពិការភ្នែកក្នុងការអានជាអក្សរខ្មែរ ទទួលជ័យលាភី “Best Accessibility Award” នៅទីក្រុងសៀងហៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី៦ ខែកក្កដានេះថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

    កម្មវិធិនេះរៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផលឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម វិស័យថាមពល និងវិស័យអភិបាលកិច្ច សរុបចំនួន ២១៩គម្រោង មកពីបណ្ដាប្រទេសចំនួន ៣៨។

    គូសបញ្ជាក់ផងដែរថា កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញ ឱ្យកាន់តែឆាប់ចាប់បានលឿន និងមានប្រសិទ្ធភាពខ្ពស់។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដានេះ បានចូលរួមអបអរសាទរចំពោះជ័យលាភីនេះផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: