សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ៥% នៅឆ្នាំ២០២៣
- July 8, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។
សូមបញ្ជាក់ជូនថា តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារ។
របាយការណ៍ដដែល បានបន្ថែមថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារកើនឡើង១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានទឹកប្រាក់ ២២,២៥១,២៣៥,០០០ដុល្លារ។
ដោយឡែកចំពោះការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។
ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទីផ្សារប្រទេសចិន មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ, អាមេរិកមានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ, វៀតណាមជាង ៦ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយ, ប្រទេសជប៉ុនជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។
ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ, ម៉ាស៉ីន និងឧបករណ៍អគ្គិសនី មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






