ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសស្រាវជ្រាវរកអ្នកមានអំណាច នៅពីក្រោយការជួញដូរសារធាតុខុសច្បាប់ ចំនួន២០គីឡូក្រាមកាលពីថ្មីៗនេះ
- July 8, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសស្រាវជ្រាវរកអ្នកមានអំណាច នៅពីក្រោយការជួញដូរសារធាតុខុសច្បាប់ ចំនួន២០គីឡូក្រាមកាលពីថ្មីៗនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកទ្រឹស្ដី និងអនុវត្តដល់អ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «នៅព្រំដែនកម្ពុជា-វៀតណាម មានជនជាតិស្បែកខ្មៅនីហ្សេរីយ៉ាម្នាក់ បាននាំគ្រឿងញៀនប្រមាណជាង២០គីឡូក្រាម ចូលកម្ពុជា។ អ៊ីចឹងយើងបានស្រាវជ្រាវទៅ ទី១៖ មានការទំនាក់ទំនងនៅភ្នំពេញ ទី២៖ មានការកម្មង់ទិញតាមបណ្ដាក្លឹបកម្សាន្ដសប្បាយៗមួយចំនួន និងទី៣៖ មានថ្នាក់ដឹកនាំមួយចំនួននៅពីក្រោយ។ អ៊ឹចឹងហើយយើងកំពុងធ្វើការងារនេះបញ្ច្រាសទិសវិញ អ្នកណាលូកលាន់ ត្រូវតែរកឱ្យឃើញ ហើយជាពិសេសដាក់ទោសទណ្ឌតាមច្បាប់។ ខារ៉ាអូខេ និងកន្លែងសប្បាយណាខ្លះដែលប្រើប្រាស់ ដូច្នេះការងារនេះ សុទ្ធសឹងតែជាកិច្ចត្រូវចូលរួមសហការទាំងអស់គ្នា » ៕
- Share This Post:






