ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ ដែលអាជ្ញាធរជាតិ និងប្រជាពលរដ្ឋ បានចូលរួមដាំដើមឈើ

    BY Naren July 9, 2024
    ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ ដែលអាជ្ញាធរជាតិ និងប្រជាពលរដ្ឋ បានចូលរួមដាំដើមឈើ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរដែលអាជ្ញាធរជាតិគ្រប់ជាន់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើដោយមានទស្សនៈរួមគឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើគឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

    ឆ្លៀតក្នុងឱកាសនេះ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិអន្តរជាតិនានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

    ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបែបនេះនៅក្នុងឱកាសដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ» នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤៕ រូបថត៖ AKP

    Share This Post: