ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញ បើមិនចង់អស់លក្ខណ៍

BY
Khmernote Media
July 9, 2024

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។ ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍រម្លឹកអង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម នៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលកន្លងមកបានដឹកនាំ និងសម្របសម្រួលជាមួយក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងកងកម្លាំង បំពេញតួនាទីយ៉ាងល្អលើកិច្ចការផ្ដល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសបំផ្លាញធនធានធម្មជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បង្ហាញក្ដីសង្ឃឹមថា រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន នឹងបន្តសម្រេចបានសមិទ្ធផលការងារប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: