អភិបាលខេត្តព្រះសីហនុ ជម្រុញឱ្យមន្ត្រីក្រោមឱវាទ ផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឱ្យបានលឿន
(ព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម ម៉ាង ស៊ីណែត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លំងប្រដាប់អាវុធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែលឿន រហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។

ក្នុងឱកាសអញ្ជើញសំណេះ សំណាលថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្ត កាលពីព្រឹកថ្ងៃចន្ទ័ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានបន្តថា ថ្ងៃនេះជាថ្ងៃដំបូងដែលយើងបានជួបជុំគ្នាក្នុងក្របខណ្ឌថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសាលាខេត្តព្រះសីហនុ ក៏ប៉ុន្តែមិនមែនជារៀងថ្មីនោះទេ ព្រោះយើងបានធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់រួចមកហើយ ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រមានសក្តានុពលក្នុងការអភិវ្ឍ និងកំណើនសេដ្ឋកិច្ច យើងរួមគ្នារក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីឱ្យជីវភាពប្រជាពលរដ្ឋមានការកើនឡើង។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខេត្តព្រះសីហនុ ជាចំបង ពិសេសបានបោះទុនមកខេត្តព្រះសីហនុ កសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បន្ទប់ទឹកសាធារណ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្មែរ គឺជាស្មាដៃរបស់កូនខ្មែរ ទន្ទឹមនោះ ក៏មានការចូលរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋផងដែរ ដែលជាយន្តការ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង យើងត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ឯកឧត្ដម អភិបាលខេត្ត ក៏បានសំណូមពរឱ្យជួយជំរុញប្រជាពលរដ្ឋនាំកូន ចៅរបស់ខ្លួនចូលសិក្សា ឱ្យមានចំណេះដឹង និងជំនាញច្បាប់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ហើយការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យមានប្រសិទ្ធភាព ក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាលបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធី នៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ចរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភ បំពានអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ” ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ត្រូវធ្វើជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលរបស់ខ្លួន ហើយថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារឱ្យបានល្អ គោរពឋានានុក្រម វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។ ពង្រឹងយន្តការគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទន្ទឹមនេះត្រូវបង្កើនទំនាក់ទំនង និងសហការគ្នាឱ្យបានស្អិតរមួត ក្នុងការបំពេញការងារ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ។
ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានបន្តថា ត្រូវចូលរួមអនុវត្តគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៥០។ សូមចូលរួមអនុវត្តការងារស្នូល គឺការបង្កា បង្ក្រាបបទល្មើសគ្រឿងញៀនតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានថា មន្ត្រីរបស់យើងមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវលប់បំបាត់ការភ័យក្លាយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោ បាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធ ប្រសិទ្ធផលខ្ពស់បន្ថែមទៀត ពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើងក្នុងមូលដ្ឋានទទួលបានជោគជ័យ៕


