ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានរឿងដាក់ប្រកួតហើយឬនៅ? មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា បានវិលត្រឡប់មកវិញហើយ

    BY Naren July 10, 2024
    មានរឿងដាក់ប្រកួតហើយឬនៅ? មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា បានវិលត្រឡប់មកវិញហើយ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំមហោ​ស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤។ ជាដំណឹងមួយជូនដល់សាធារណជន ពិសេស យុវផលិតករភាពយន្តកម្ពុជាទាំងអស់បានជ្រាបថា ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករ ភាពយន្ត ព្រមទាំងដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រារព្ធរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅ កាន់ភាពយន្តខ្លាតវែង» តាមកាលបរិច្ឆេទ ខ្លឹមសារ លក្ខខណ្ឌចូលរួម និងគោលការណ៍វិនិច្ឆ័យដូចខាងក្រោម៖

    I. ខ្លឹមសារគោលនៃរឿង

    មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ នឹងជ្រើសរើសខ្លឹមសារគោលសម្រាប់ការ ចូលរួមប្រកួតប្រជែង ដូចខាងក្រោម៖

    ១.វប្បធម៌ / ការអភិវឌ្ឍសង្គម

    ខ្លឹមសារនៃសាច់រឿងត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះ ដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

    ២.ភាពច្នៃប្រឌិតនិងការបង្កើតថ្មី

    ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។

    II. លក្ខខណ្ឌចូលរួម

    គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី៤ ឆ្នាំ២០២៤ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម

    ១- ស្នាដៃដែលផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជាជនជាតិខ្មែរ

    ២- ស្នាដៃដែលបានផលិតក្រោយពី ខែមករា ឆ្នាំ២០២២

    ៣- ស្នាដៃដែលមានថិរវេលាបញ្ចាំងមិនលើសពី៣០នាទី (គិតបញ្ចូលទាំង Ending Credits)

    ៤- ស្នាដៃដែលរួមបញ្ចូល៖ ភាពយន្ត (Fiction), ភាពយន្តឯកសារ(Documentary), គំនូរជីវចល (Animation) ដែលផលិតជាទម្រង់ឌីជីថល (16:9 Full HD)

    ៥- ស្នាដៃភាពយន្តខ្នាតខ្លីត្រូវមានចំណងជើងរង ជាភាសាអង់គ្លេស (English Subtitle)

    ៦- ស្នាដៃភាពយន្តខ្នាតខ្លី ដែលពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកន្លងមក

    ចំពោះស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតដោយជនបរទេស អាចដាក់ពាក្យចូលរួមបញ្ចាំងបង្ហាញ (មិន ប្រកួតប្រជែង) ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤។

    III-កាលបរិច្ឆេទ

    កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និង ពិធីបិទនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

    កាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖

    ១. ពាក្យស្នើសុំចូលរួមប្រកួតប្រជែង (Google Form)

    ២. ស្នាដៃភាពយន្តខ្លីជាទម្រង់ MP4

    ៣. វីដេអូ Trailer ជាទម្រង់ MP4 រយៈពេល ៣០វិនាទី

    ៤. រូបភាពសកម្មភាពនៃការផលិត ចំនួន០៤សន្លឹកក្នុងទម្រង់ JPEG (High Resolution)

    ៥. រូបថតអ្នកដឹកនាំរឿង (Portrait) ចំនួន ០២សន្លឹកក្នុងទម្រង់ JPEG (High Resolution)

    ៦. រូបភាព Poster ចំនួន ០១សន្លឹកក្នុងទម្រង់ JPEG (High Resolution)

    សូមភ្ជាប់ឯកសារខាងលើ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ដោយផ្ទាល់បន្ទាប់ពីធ្វើ ការដាក់ពាក្យតាមរយៈ Google Form រួច។

    កាលបរិច្ឆេទនៃការប្រកាសជ្រើសរើសស្នាដៃដែលបានជាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រព នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

    IV. គោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង

    ១. ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលត្រូវបានប្រកាសជ្រើសរើសបឋម នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

    ២. ស្នាដៃភាពយន្តដែលបានដាក់ចូលរួមប្រកួតប្រជែងនឹងត្រូវវិនិច្ឆ័យជ្រើសរើសបឋម ដោយគណៈកម្មការ មេប្រយោគវគ្គជម្រុះ ដើម្បីជ្រើសយកស្នាដៃភាពយន្តចំនួន០៥ចំណងជើង បន្តចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។

    ៣. ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ គណៈកម្មការមេប្រយោគវគ្គផ្តាច់ព្រ័ត្រនឹងប្រកាសជ្រើសរើសស្នាដៃភាពយន្តដែលល្អផ្តាច់គេដើម្បីប្រគល់ពានរង្វាន់។

    ៤. គណៈកម្មការរៀបចំមហោស្រពមានសិទ្ធិប្រើប្រាស់ផ្នែកខ្លះនៃភាពយន្តខ្នាតខ្លី (មិនលើសពី៣០វិនាទី) និងរូបភាពសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៤ និងប្រើប្រាស់ភាពយន្ត ខ្នាតខ្លីនេះ (Full Length) សម្រាប់ចាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងឱកាសមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤។

    ៥. ស្នាដៃភាពយន្តដែលបានជ្រើសរើសចូលរួមមហោស្រព គណៈកម្មការរៀបចំមហោស្រពអាចធ្វើការផ្សព្វផ្សាយភាពយន្ត (Full Length) តាមរយៈគេហទំព័ររបស់មហោស្រព ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅ ចូលរួមក្នុងមហោស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ ក្រោយពីទទួលបានការយល់ព្រមពីម្ចាស់សិទ្ធិ។

    V.ជ័យលាភី និងរង្វាន់

    ពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ រួមមាន៖

    ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា

    ពានជ័យលាភីលេខ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា

    ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរិទ្ធ អមដោយថវិកា

    ពានរង្វាន់របស់មេប្រយោគ (Special Jury Award) ទទួលបានពាន អមដោយថវិកា

    ពានរង្វាន់ទស្សនិកជន(Audience Award) ទទួលបានពាន។

    លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤មាន អាស័យដ្ឋាននៅ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់ បឹង រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គេហទំព័រៈ www.cambodiafilm.info

    Share This Post: