អ្នកនាំពាក្យក្រសួងព័ត៌មាន បង្ហាញមធ្យោបាយដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម
- July 12, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនថា នៅពេលជួបប្រទះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គមប្រជាពលរដ្ឋអាចប្រើវិធី៤យ៉ាង ដែលអាចអោយប្រជាពលរដ្ឋជៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ ដោយមិនដឹងខ្លួន។

ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ក្រុមការងារបណ្តាញផ្សព្វផ្សាយតាមអ៉ិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី១២កក្កដានេះថា ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖
ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ,
ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាននិងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត,
ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ
ទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។
ទន្ទឹមនេះឯកឧត្តមទេព អស្នារិទ្ធ បានពន្យល់ថា យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា» ជាព័ត៌មានដែលយើងមិនទាន់អាចយកជាការបាននៅឡើយ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពច្បាស់លាស់ ដោយការផ្សាយឬសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញថា ដើម្បីអាចសម្គាល់ថាព័ត៌មានមួយជាព័ត៌មានក្លែងក្លាយឬអត់ គេអាចឈរលើគោលការណ៍មូលដ្ឋានមួយចំនួន៖
ទី១).ចាំបាច់ត្រូវស្វែងរកប្រភពនៃព័ត៌មាននោះ និងត្រូវរកមើលតើវាត្រូវបានចេញផ្សាយដោយប្រភពផ្សេងទៀតដែរឬទេ ដើម្បីអាចផ្ទៀងផ្ទាត់ ចៀសវាងការដែលវាគ្រាន់តែជាការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា,
ទី២).អាចដាក់ការសង្ស័យបឋមចំពោះព័ត៌មាននោះប្រសិនបើវាមិនមានភាពច្បាស់លាស់ ឬមិនពេញលេញ ចំពោះសំនួរទាំងនេះ៖ អ្នកណា? អំពីអ្វី? កាលពីពេលណា? នៅទីណា? ហេតុអ្វី? និងយ៉ាងដូចម្តេច?,
ទី៣).ជានិច្ចជាកាលត្រូវប្រុងប្រយ័ត្នចំពោះការផ្សាយទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងឆបោក ឬបញ្ឆោត ដែលជាទូទៅវាហាក់ដូចជាជំរុញឱ្យអ្នកដែលទទួលព័ត៌មានធ្វើអ្វីមួយដោយប្រញាប់ ឬបន្ទាន់ដើម្បីកុំឱ្យហួសពេល ដោយប្រើរង្វាន់ ឬអត្ថប្រយោជន៍ជាដើមជាធ្នាក់,
ទី៤).អវត្តមានធាតុស្នូល ឬតួអង្គសំខាន់ក្នុងព័ត៌មាន បង្កប់ជំហលម្អៀង ដោយមានឧបាយកលនយោបាយ ដើម្បីបំភ្លៃព័ត៌មាន កាឡៃការពិត ដើម្បីបំភាន់មតិសាធារណៈ បំផ្លាញកេរ្តិ៍ឈ្មោះ ឬបង្កចលាចល,
ទី៥).មុននឹងជឿលើព័ត៌មានណាមួយជាពិសេសនៅលើបណ្តាញសង្គម សូមអានដោយផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ហើយពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចែកចាយទៅកាន់អ្នកដទៃ។
បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ព័ត៌មានកាឡៃ បង្កើតឡើងក្នុងគោលបំណងបំភ្លៃការពិត បំភាន់មតិសាធារណៈ ឬបំពុលសង្គម បាននិងកំពុងជះឥទ្ធិពលអាក្រក់ បង្កផលវិបាកមកលើសង្គមរស់នៅរបស់យើង ពោលគឺ អាចបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ ភាពអសន្តិសុខក្នុងសង្គម។
លើសពីនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កឲ្យមានការរើសអើង បង្កអរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ការធានាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិសុខជាតិផងដែរ។
ការបង្ហាញពីវិធីប្រឆាំងព័ត៌មានក្លែងក្លាយនេះ ដល់ប្រជាពលរដ្ឋ បានធ្វើឡើង បន្ទាប់ពីថ្មីៗនេះ មានការបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយទាក់ទងការបណ្តេញរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងព័ត៌មានក្លែងក្លាយទាក់ទងការតម្លើងសូឡារបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






