ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ប្ដេជ្ញាបង្ក្រាបក្មេងទំនើងឱ្យអស់ ចេញពីក្នុងមូលដ្ឋានខេត្តតាកែវ

BY
Khmernote Media
July 12, 2024

ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្ដេជ្ញាចិត្ត និងដាក់ ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបក្រុមក្មេងទំនើងបងតូចបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យនៅតាមទីប្រជុំជនសួនច្បារ និងទីសារធារណៈឱ្យអស់ ចេញពីក្នុងមូលដ្ឋានខេត្ត។

​ឯកឧត្តមលើកឡើងបែបនេះ​ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី០៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋបាល ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក និងមន្ត្រីរាជការពាក់ព័ន្ធផងដែរ។

​ឯកឧត្តម វី សំណាង បានបន្តថា ដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ ក្នុងនាមខ្ញុំជាអភិបាលខេត្តតាកែវ សូមណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ ដែលធ្វើ ឱ្យប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច និងកំណត់មុខសញ្ញាទីតាំង ហើយធ្វើការចុះបង្ក្រាប ឱ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ ក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន បង្ក្រាបនិងទប់ស្កាត់ រាល់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ ព្រោះគ្រឿងញៀន វាបង្កឱ្យមានអំពើហិង្សា និងក្រុមក្មេងក្មេងទំនើងនេះកើតឡើង។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បន្តគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នាបន្តទៀត។គម្រោងមួយនេះនឹងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជននិងសង្គមជាតិយើងទៅអនាគត ហើយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមវាយគងទូងស្គរគោះត្រដោក ឱ្យបានអធិកអអម។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ រដ្ឋបាលខេត្តតាកែវនឹងរៀបចំការប្រគំតន្ត្រី និងការប្រកួតបាល់ទាត់ ដើម្បីបង្ហាញការគាំទ្រនិងអបអរសាទរគម្រោង ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: