ព័ត៌មានជាតិ

ក្រសួងសាធារណការ អំពាវនាវឱ្យអ្នកបើកបរត្រូវប្រុងប្រយ័ត្ន រាល់ការធ្វើនាវាចរណ៍ ក្នុងអំឡុងពេលសាងសង់ស្ពាន«ចាក់អង្រែក្រោម-ព្រែកប្រា»

BY
Khmernote Media
July 13, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដី អំពាវនាវ និងណែនាំ ៥ ចំណុច ដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក អំឡុងពេលសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រសួងសាធារណការ សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍រួមតូច ដែលអាចរំខានដល់ការធ្វើនាវាចរណ៍។ ដូចនេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

២. រក្សា ចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីជៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

៣. ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ស្ពាន។

៤. ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ។

៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់ ។

៦. ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ក្នុងចម្ងាយ ៥០០ម៉ែត្រ ។

អាស្រ័យហេតុនេះ សូមសាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើនាវាចរណ៍ឆ្លងតំបន់សាងសង់ស្ពាន ក្នុងអំឡុងពេល សាងសង់ដូចបានជម្រាបជូនខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ៕

​ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: