គំរូល្អ! វិទ្យាល័យ ហ៊ុន សែនឈូកខេត្តកំពត ហាមមិនឱ្យសិស្សប្រើទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុងបរិវេនសាលា ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស
- July 13, 2024
ខេត្តកំពត៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលាខេត្តកំពត បានបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស លើកកម្ពស់វិស័យអប់រំឱ្យពោរពេញដោយសក្តានុពល បង្កើតបាននូវធនធានមនុស្ស និងធនធានធម្មជាតិ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះតទៅ នៅវិទ្យាល័យ ហ៊ុន សែនឈូក មិនអនុញ្ញាតឲ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុងបរិវេនសាលាទេ ខណៈដែលសិស្សានុសិស្សរីករាយគាំទ្រចំពោះវិធានការនេះ។

នាយកវិទ្យាល័យ ហ៊ុន សែន ឈូក លោក សេង សុភា បានប្រាប់ឱ្យដឹងថា យោងតាមលិខិតណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការកំណត់ការប្រើប្រាស់ គ្រឿងបរិក្ខាអេឡិចត្រូនិក នៅក្នុងថ្នាក់រៀន និងបរិវេណសាលា និងស្របតាមស្មារតីប្រជុំរបស់គណៈគ្រប់គ្រងសាលា ដោយទទួលបានការឯកភាពពីអាណាព្យាបាលសិស្សផងនោះ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស ធ្វើឱ្យសិស្សផ្ដោតការយកចិត្តទុកដាក់លើការបង្រៀនរបស់គ្រួសារក្នុងម៉ោងសិក្សាឲ្យកាន់តែខ្លាំង និងចៀសវាងការលួចលេងទូរស័ព្ទផ្តេសផ្តាស គណៈគ្រប់គ្រងសាលាបានសម្រេច ដាក់ចេញនូវវិធាន ហាមមិនឲ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា និងក្នុបរិវេនសាលាទៀតទេ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ហើយសិស្សណាដែលមិនគោរពតាមការណែនាំ នឹងត្រូវវិន័យរបស់សាលា ។
សិស្សានុសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ឈូក បានប្រាប់ឱ្យដឹងថា ពួកកាត់តែងដាក់ទូរស័ព្ទតាមខ្លួន ដើម្បីស្រាវជ្រាវមេរៀនពេលម៉ោងចេញលេង។ ជាទូទៅសិស្សស្ទើរតែ ១០០ភាគរយទៅហើយ ដែលមានទូរស័ព្ទស្មាតហ្វូនប្រើ តែការប្រើប្រាស់មិនបានឆ្លើយតបតាមការចង់បានរបស់សាលាទាំងអស់នោះទេ។ អ្នកខ្លះមើលរឿង ឬលេងហ្គេម បើកសំឡេងខ្លាំងៗ រំខានគេឯងជាដើម។ ពួកគេពេញចិត្ត និងគាំទ្រទាំងយ៉ាងពេញទំហឹងចំពោះវិធានការនេះ ។
ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡា លោក សូ ភារិទ្ធ បានសម្តែងការគាំទ្រចំពោះវិធានការរបស់គណៈគ្រប់គ្រងសាលាឈូក ព្រោះលោកយល់ថាវិធានការនេះ អាចជួយពង្រឹងគុណភាពសិក្សា បង្កើតទម្លាប់ល្អឲ្យសិស្សគោរពវិន័យសាលា និងគោរពគ្រូដែលខំបង្រៀន និងធានាថាគ្មានសិស្សណាម្នាក់ប្រើទូរស័ព្ទក្នុងម៉ោងសិក្សា។ លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រសួង ក៏ដូចជាមន្ទីរបានផ្តល់សិទ្ធិដល់គណៈគ្រប់គ្រងសាលា ក្នុងការបង្កើតបទបញ្ជាផ្ទៃក្នុង ឬដាក់ចេញនូវវិធានការណាមួយបាន ក្រោយពេលប្រជុំផ្សព្វផ្សាយ ហើយមានការឯកភាពមតិភាគច្រើន ពីគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្ស៕

















ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
- Share This Post:






