ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដង្កូវហ្វូងបំផ្លាញស្រូវកសិករ១៨ខេត្ត អស់ជាង ២ម៉ឺនហិកតា និងរុយសមានចំនួន ៥ខេត្ត បង្កផលប៉ះពាល់ស្រូវជាង ៥ម៉ឺនហិកតា

    BY Khmernote Media July 15, 2024
    ដង្កូវហ្វូងបំផ្លាញស្រូវកសិករ១៨ខេត្ត អស់ជាង ២ម៉ឺនហិកតា និងរុយសមានចំនួន ៥ខេត្ត បង្កផលប៉ះពាល់ស្រូវជាង ៥ម៉ឺនហិកតា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ការបំផ្លាញដំណាំស្រូវកសិករក្នុងនេះដូចជា ដង្កូវហ្វូង បានបំផ្លាញស្រូវកសិករចំនួន១៨ខេត្តប្រមាណជាង២ម៉ឺនហិកតា និងរុយសវិញមានចំនួន ៥ខេត្ត ដែលបង្កផលប៉ះពាល់ស្រូវ ជាង៥ម៉ឺនហិកតា ប៉ុន្តែយ៉ាងណាការខូចខាតនេះមានទំហំតូចទេ។

    ថ្លែងក្នុងពេលចុះពិនិត្យស្ថានភាព រុយស ស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនៅខេត្តព្រៃវែង ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងពេលកន្លងមកនេះ គឺសម្រេចបានជោគជ័យ។

    ទន្ទឹមនឹងនេះ ឯកឧត្តម ងិន ឆាយ បានឱ្យដឹងថា ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រោយការវាយលុករបស់សត្វរុយសបំផ្លាញស្រូវកសិករកន្លងមកឃើញថា សភាពការណ៍បានធូរស្រាល ហើយក៏ស្ថិតនៅក្នុងស្ថានភាពមួយយើងអាចគ្រប់គ្រងបានហើយ។ ការផ្ទុះនៃសត្វល្អិតចង្រៃ ដង្កូវហ្វូង កាលពីមួយខែកន្លងមកគឺបានបំផ្លាញ និងប៉ះពាល់លើដំណាំស្រូវជាង២ម៉ឺនហិកតា ក្នុងខេត្តចំនួន១៨។ តាមរយៈការចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ពិសេសតាមការចង្អុលបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មគឺ ឯកឧត្តម ឌិត ទីណារួចមក គិតមកដល់ពេលនេះពុំមានសត្វដង្កូវហ្វូងបំផ្លាញស្រូវធ្ងន់ធ្ងរទៀតទេ ពោលគឺនៅសល់តែបណ្តាខេត្តមួយចំនួនដែលមានសភាពតិចតួចប៉ុណ្ណោះ។

    ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា សម្រាប់សត្វល្អិតចង្រៃរុយសវិញបានផ្ទុះកើតឡើងប្រមាណ៣សប្តាហ៍មុននេះ ហើយមកដល់ពេលនេះមានចំនួន៥ខេត្តក្នុងនេះដូចជាខេត្ត តាកែវ ព្រៃវែង ស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ដែលមានចំនួនតិចតួច។សម្រាប់ទំហំការខូចខាតដែលវាយលុកដោយរុយសគឺមានប្រមាណជាង៥ម៉ឺនហិកតាហើយផងដែរ។ ទោះបីយ៉ាងណាបើគេពិនិត្យទៅលើទំហំការខូចខាតឃើញថានៅតូចនៅឡើយ។សម្រាប់ខេត្តដែលទទួលរងការខូចខាតច្រើនជាងគេគឺនៅខេត្តព្រៃវែង។ ក្នុងចំណោមផ្ទៃដីដែលដាំដុះក្នុងខេត្តព្រៃវែងសមានប្រមាណ២៤ម៉ឺនហិកតា ហើយផលប៉ះពាល់នោះមានប្រមាណជាង៤ម៉ឺនហិកតា និងបើគេគិតពីទំហំការខូចខាតខ្លាំងមានប្រមាណ១ម៉ឺនហិកតា។ ការខូចខាតនេះដែរមិនមែនទាំងស្រុងនោះទេ ដោយស្រែខ្លះខូចខ្លាំង ស្រែខ្លះទៀតក៏ខូចខាតប្រមាណ៥០ភាគរយ ស្រែខ្លះ៧០ភាគរយ។

    ឯកឧត្តម ងិន ឆាយ បានថ្លែងដោយបញ្ជាក់ថា៖ «យើងដឹងហើយថារុយស វានឹងបំផ្លាញស្រូវគ្រប់ដំណាក់កាល។ បើរុយសវាបំផ្លាញស្រូវដំណាក់កាលផើម ឬវាបំផ្លាញស្រូវដំណាក់កាលចេញកួរវានឹងធ្វើឱ្យផលប៉ះពាល់ខ្លាំង ។ផ្ទុយមកវិញបើវាបំផ្លាញក្នុងដំណាក់កាលបែកគុម្ព វិញវានឹងមិនបង្កការប៉ះពាល់ធ្ងន់ធ្ងរទេដោយស្រូវវាអាចលូតលាស់ឡើងវិញបាន»

    សូមរំលឹកថាក្នុងរយៈពេលមួយខែមកនេះក្រៅពីសត្វល្អិតចង្រៃដង្កូវហ្វូងវាយប្រហារលើដំណាំស្រូវកសិករហើយប្រមាណ៣សប្តាហ៍មុននេះក៏មានការបំផ្លាញស្រូវពីសំណាក់សត្វរុយស និងដង្កូវមូរស្លឹកទៀតផង។ គួរបញ្ជាក់ថាបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រភពនៃការកកើតមានដង្កូវហ្វូង និងសត្វល្អិតចង្រៃមួយចំនួនទៀត គឺដោយសារតែការប្រែប្រួលអាកាសធាតុ អាកាសធាតុក្ដៅខ្លាំង អូសបន្លាយរយៈពេលវែងកន្លងមក។ ពិសេសដង្កូវហ្វូងកន្លងមកបានបំផ្លាញដំណាំកសិករជាច្រើនដូចជា ដំណាំស្រូវ ដំឡូងមីនិងដំណាំជារុក្ខជាតិជាច្រើនទៀត

    ​ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: