ដំណឹងរីករាយ! ប្រទះឃើញជ្រូកទឹកមួយក្បាល ជាសត្វសមុទ្រដ៏កម្រ មករស់នៅក្នុងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត
- July 15, 2024
ខេត្តកំពត៖ ថ្មីៗនេះក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។ មន្ត្រីជលផលបានបញ្ជាក់ថា វត្តមានជ្រូកទឹកមករស់នៅនេះ បានបង្ហាញថាមជ្ឈដ្ឋានសមុទ្រខេត្តកំពត សំបូរធនធាន និងជីវៈចម្រុះច្រើន មានទីជម្រក សំបូរចំណីអាហារ និងមានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ និងសត្វជិតផុតពូជ។ នេះបើយោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។


រូបតំណាង
នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា កន្លងទៅថ្មីនេះ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀត បានមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។ លោកបានបន្តថា វត្តមានជ្រូកទឹកនេះ ធ្វើឲ្យយើងដឹងថា មជ្ឈដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។
លោកនាយខណ្ឌ បានបញ្ជាក់ថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យើងបានបង្ក្រាបបទល្មើសជាប្រចាំ និងបានអភិរក្ស ស្មៅសមុទ្រ ផ្កាថ្ម និងការពារព្រៃកោងកាងបានយ៉ាងល្អ ធ្វើឲ្យប្រភេទសត្វកម្រ សត្វងាយរងគ្រោះ បានវិលមករស់នៅតំបន់អភិរក្ស ក្នុងសហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោនច្រើន ក្នុងរយៈពេលចុងក្រោយនេះ។ លោកបានបញ្ជាក់ផងដែរថា ពួកសត្វកម្រ និងងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោតជាដើមនេះ វារស់នៅតែក្នុងតំបន់ណាដែលមានសុវត្ថិភាព គ្មានការរំខាន មានទីជ្រក និងសំបូរចំណីអាហារប៉ុណ្ណោះ ។
ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ដែរថា មកដល់ថ្ងៃនេះក្រុមការងារនៅមិនទាន់អាចបញ្ជាក់ចំនួនសត្វជ្រូកទឹកក្នុងដែនសមុទ្រខេត្តកំពតបាននៅឡើយទេ រងចាំគម្រោងសិក្សាស្រាវជ្រាវបញ្ចប់នៅឆ្នាំនេះសិន ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារបានប្រទះឃើញជ្រូកទឹកនៅខេត្កកំពត ៥លើក នៅតំបន់វាលស្មៅសមុទ្រ ដែលក្រុមការងារបានទម្លាក់ប្រអប់សិប្បនិមិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ។ ខេត្តកំពត មានសហគមន៍នេសាទចំនួន ៩កន្លែង មានស្មៅសមុទ្រចំនួន ១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង៕



ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
- Share This Post:






