ព័ត៌មានជាតិ

និស្សិតកម្ពុជា មានសមត្ថភាពផលិតរ៉ូបូត និងបញ្ជាដោយប្រព័ន្ធAI សម្រាប់ប្រើប្រាស់ក្នុងដំណាំស្រូវ

BY
Khmernote Media
July 15, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា និស្សិតកម្ពុជាមកពី៩សាលាបច្ចេកទេសមានសមត្ថភាពផលិតរ៉ូបូតជាច្រើនគ្រឿងដោយខ្លួនឯង ដែលជួយជាកម្លាំងដល់កសិករក្នុងមុខរបរធ្វើស្រែ។

រ៉ូបូតដែលនិស្សិតកម្ពុជាផលិតបានហើយយកមកចូលរួមប្រកួតនៅក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ធ្វើសកម្មភាពតាមរយៈការបញ្ជាដោយប្រព័ន្ធអេអាយ។ រ៉ូបូតនោះ អាចជួយការងារចំនួន៣ផ្នែក ដល់កសិករគឺ ស្ទូងសំណាប ច្រូតកាត់ស្រូវ និងការប្រមូលផលស្រូវយកទៅទុកដាក់។

យោងទៅតាមសកម្មភាពបញ្ជារ៉ូបូត នៅក្នុងពេលប្រកួត នៅឯសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ យើងឃើញថា រ៉ូបូតធ្វើសកម្មភាពយ៉ាងលឿនរហ័ស។ គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតរ៉ូបូតនេះ មានការចូលដោយថ្នាក់ដឹកនាំកំពូលចំនួន៣ក្រសួងគឺ រដ្ឋមន្ត្រីក្រសួងព័ត៌មាន,រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានលើកឡើងថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិនេះបានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាពនៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០។

សូមបញ្ជាក់ថា និស្សិតចំនួន៩សាលា ដែលបានផលិតរ៉ូបូតមកចូលរួម មានដូចជា៖វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, សាកលវិទ្យាល័យជាតិគ្រប់គ្រង, បណ្ឌិតសភាបច្ចេកទេសឌីជីថលកម្ពុជា និង វិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេសជាដើម។ ហើយចំពោះនិស្សិត៣ក្រុមដែលឈ្នះការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ មានឱកាស បន្តឡើងទៅប្រកួតប្រជែងរ៉ូបូតកម្រិតតំបន់ អាស៊ីប៉ាហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2024 នៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះទៀត ដែលតំណាងអោយនិស្សិតកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: