ព័ត៌មានជាតិ

សមត្ថកិច្ចកោះហៅ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ឲ្យមកបំភ្លឺ ករណីដែលបានបង្ហោះខ្លឹមសារយល់ច្រឡំមួយលេីបណ្តាញសង្គមហ្វេសប៊ុក

BY
Khmernote Media
July 16, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក អធិការនគរបាលខណ្ឌកំបូល វរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម ដើម្បីមកបំភ្លឺ ករណីដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចាត់ឪពុកហើយ»

ដោយបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ ក្រោយបានសួរនាំរួចមកទើបបានដឹងថា ករណីដែលគាត់បានសរសេរបង្ហោះនេះ មិនមែនមានន័យថាគេគម្រាមអាយុជីវិតគាត់នោះទេ គឺគម្រាមសម្លាប់ ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។

ចំពោះសមាសភាពដែលគាត់បានចោទប្រកាន់នោះគឺមានឈ្មោះ ទី ចំរើនកុសល្យ។ ដោយពេលនោះបើតាមការសំណូមពររបស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់សកម្មភាពនានា ដែលផុសប៉ះពាល់កិត្តិយសរបស់គាត់តាមបណ្តាញសង្គម។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំបង្កប៉ះពាល់ដល់សន្តិសុខសង្គម និងបានសុំគោលការណ៍ពីឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។ អាស្រ័យជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: