ព័ត៌មានជាតិ

មកដល់ពេលនេះ ៤យប់ ៥ថ្ងៃហើយ! ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ខ្លួន កងកម្លាំងចម្រុះកម្ពុជារកមិនទាន់ឃើញនៅឡើយទេ

BY
Khmernote Media
July 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា គិតមកដល់ពេលនេះ ៤យប់ ៥ថ្ងៃហើយ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទង កងកម្លាំងចម្រុះកម្ពុជារកមិនទាន់ឃើញនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មកដល់ព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដានេះ មិនទាន់រកឃើញនៅឡើយនោះទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី អង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ជនរងគ្រោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ០១គ្រឿង ក្នុងបេសកកម្មហ្វឹកហ្វឺនមានតែ២នាក់ ពុំមែន ៧នាក់​នោះទេ។ ករណីនេះក្រសួងមិនមានអ្វីត្រូវលាក់បាំងនោះទេ និងសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិតបន្តទៀត។

សូមជម្រាបជូនថា រហូតមកដល់ពេលនេះ គឺមានរយៈពេល ៤យប់ ៥ថ្ងៃហើយ ឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ បើគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ នឹងរងចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: