សូមរកផ្លូវវៀងឱ្យហើយ ! នៅថ្ងៃទី១៩ ខែកក្កដា ផ្លូវប៉ុន្មានខ្សែនេះត្រូវផ្អាកចរាចរជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ រដ្ឋបាលរាជធានី នៅថ្ងៃទី១៧ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី សុី ជីនពីង» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។


នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ បត់ទៅខាងត្បូងតាមមហាវិថី ឈ្នះ ឈ្នះ ដល់រង្វង់មូលខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

រដ្ឋបាលរាជធានីភ្នំពេញ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕
