ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ក្រុមឧក្រិដ្ឋជន ឆ្លៀតប្រើប្រាស់បច្ចេកវិទ្យា AI បន្លំឆបោកក្នុងទម្រង់ទាំង៣នេះ

    BY Khmernote Media July 17, 2024
    សូមប្រុងប្រយ័ត្ន! ក្រុមឧក្រិដ្ឋជន ឆ្លៀតប្រើប្រាស់បច្ចេកវិទ្យា AI បន្លំឆបោកក្នុងទម្រង់ទាំង៣នេះ

    រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI បន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះ។ Artificial Intelligence (AI) សំដៅលើ ជ្រុងមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រផ្តោតលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ ដែលមានសមត្ថភាពអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ឬធ្វើសកម្មភាពជំនួសមនុស្សបាន។

    អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបន្តថា បច្ចុប្បន្នយើងសង្កេតឃើញការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងពេញនិយមមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកប្រើប្រាស់។ ទន្ទឹងគ្នានេះ AI ក៏បានបង្កហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើយើងពុំស្វែងយល់អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។

    យោងតាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេស ក្រុមឧក្រិដ្ឋបានជនឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការបន្លំឆបោកជនរងគ្រោះមានដូចជា៖
    Deepfakes: គឺការក្លែងបន្លំជាសម្លេង និងរូបភាពជាជនរងគ្រោះ
    ChatGPT phishing: គឺជាការបង្កើតសំណេរដោយក្លែងបន្លំ ដើម្បីផ្ញើទៅកាន់ជនរងគ្រោះ
    Voice cloning: គឺជាការក្លែងបន្លំសម្លេងរបស់ជនរងគ្រោះ។

    នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដល់សាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបច្ចេកវិទ្យា AI ដូចខាងក្រោម៖

    ១. សូមកុំទំនាក់ទំនងជាមួយជនប្លែកមុខលើបណ្តាញសង្គម
    ២. សូមកុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា អ៉ីម៉ែល អត្តសញ្ញាណបុគ្គល ឬលេខទូរសព្ទ នៅលើបណ្តាញសង្គម
    ៣. ប្រសិនបើសាច់ញាតិផ្ញើសារសម្លេងមកពាក់ព័ន្ធជាមួយនឹងប្រាក់ សូមពិភាក្សា ឬខលសួរបញ្ជាក់ តាមរយៈលេខទូរសព្ទដៃរបស់បុគ្គលផ្ទាល់
    ៤. សូមកុំបង្ហោះលេខកាតធនាគារចែកចាយលើបណ្តាញសង្គម
    ៥.សូមត្រួតពិនិត្យគណនីធនាគារ និងគណនីបណ្តាញសង្គមឲ្យបានទៀងទាត់ និងដាក់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ ៕

    ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media

    Share This Post: