លែងពិបាកហើយ! ចាប់ពីថ្ងៃនេះតទៅ លិខិតថ្កោលទោស អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ដោយគ្រាន់តែស្កេន QR Code តែប៉ុណ្ណោះ
- July 17, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ៣ របស់ក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ បានប្រកាសឱ្យដឹងថា ក្រសួងទាំងពីរ បានឯកភាពដាក់ឱ្យដំណើរការជាផ្លូវការនូវ “ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
កិច្ចសហប្រតិបត្តិការនេះ ជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ការដាក់ឱ្យដំណើរការនូវ “ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសលេខ៣ នៃក្រសួងយុត្តិធម៌ ដោយគ្រាន់តែប្រើប្រាស់នូវម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ ៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications
- Share This Post:






