សម្តេចធិបតី នាយករដ្ឋមន្ត្រី បកស្រាយចំពោះការលើកឡើងថា ខេត្តសៀមរាបស្ងាត់ភ្ញៀវទេសចរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុងមួយ រយៈនេះយើងឃើញមានការជជែកវែកញែកដេញដោលគ្នា និងការបង្ហោះនូវរឿងដែលថា ខេត្តសៀមរាបស្ងាត់ភ្ញៀវទេសចរ ក៏ដូចជាការចង្អុលដាក់អ្នកនេះ ដាក់អ្នកនោះ ពាក់ព័ន្ធទៅនឹងរឿងទេសចរណ៍នៅខេត្តសៀមរាបនេះ។ តែបញ្ហានេះយើងត្រូវតែមើលទៅលើស្ថានភាពជាក់ស្តែងថាវាយ៉ាងម៉េច ព្រោះថាការធ្វើទេសចរណ៍របស់អ្នកទេសចរក៏មានរដូវដែរ ពោលគឺមានរដូវមានភ្ញៀវទេសចរច្រើន រដូវមានភ្ញៀវទេសចរមធ្យម និងមានរដូវមានភ្ញៀវទេសចរតិចដែលជាការចៀសមិនរួច។

ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើទេសចរណ៍របស់ភ្ញៀវទេសចរក៏មានរដូវដូចជារដូវធ្វើកសិកម្មអ៊ីចឹងដែរ ជាពិសេសភ្ញៀវទេសចរបរទេស គឺនៅពេលដែលគេត្រូវរដូវសម្រាកពីការងារនៅប្រទេសរបស់គេ នោះទើបគេចេញធ្វើទេសចរណ៍ទៅក្រៅប្រទេស ដែលការនេះនាំឱ្យប្រទេសនីមួយៗ ក្នុងនោះក៏មានកម្ពុជាផងដែរ គឺត្រូវតែមានការឡើង ឬការធ្លាក់ចុះភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរបរទេសនេះតែម្តង។
សម្តេចធិបតីបានលើកឡើងថា ក្នុងរដូវភ្ញៀវទេសចរបរទេសឡើងខ្ពស់គឺពីខែតុលា ឆ្នាំ២០២៣ ដល់ខែមិនា ឆ្នាំ២០២៤ ក្នុង១ថ្ងៃយើងទទួលបានភ្ញៀវទេសចរជាង ៣ ០០០នាក់ ខណៈដែលខែកុម្ភៈ ឆ្នាំ២០២៤ដដែល យើងទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់ជាង ៥ ០០០ នាក់ឯណោះ ដែលបានមកទស្សនានៅកម្ពុជា។ ប៉ុន្តែដល់រដូវ នៃការធ្លាក់ចុះ ពោលគឺចាប់ពីខែមិថុនាកន្លងទៅនេះ យើងទទួលបានក្នុង ១ថ្ងៃប្រហែល ១ ៣០០ នាក់។ តែឥឡូវនេះឡើងដល់ ១ ៩០០នាក់ ហើយចំពោះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ មានការកើនឡើងដល់ជិត ២ ០០០ នាក់។ ប៉ុន្តែគម្លាតរវាងរដូវនៃការកើនឡើង និងរដូវនេះការធ្លាក់ចុះ គឺតែងតែមានដោយចៀសមិនរួច ដែលនេះគឺជាការជាក់ស្តែង។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលចូលតាមព្រលានយន្តហោះអន្តរជាតិមានជាង ៤៨០ ០០០នាក់ ហើយបើសរុបទាំងអ្នកទេសចរក្នុងស្រុកផងនោះ គឺមានប្រមាណ ២ ៥០០ ០០០នាក់។ ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ នេះវិញ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមព្រលានយន្តហោះ ដោយមិនគិតការធ្វើដំណើរតាមផ្លូវគោកបូកបញ្ចូលនោះទេ គឺមានចំនួន ៣១០ ០០០នាក់ បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០២៣ គឺមានការកើនឡើងប្រមាណ ៣៦ភាគរយ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា សួរថា យើងនិយាយពីតួលេខនេះដើម្បីអ្វីទៅ គឺយើងនិយាយឱ្យបងប្អូនបានជ្រាប ហើយចំពោះការវាយតម្លៃថាតិច ឬច្រើនយ៉ាងណានោះ វាគឺជាទស្សនៈផ្សេង តែផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ គឺ យើងមានប៉ុណ្ណឹង ដែលនេះគឺជារបាយការណ៍ដែលសម្តេចបានទទួល៕



ប្រភព៖ ក្រសួងព័ត៌មាន