ការជួយរុករកឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ ចាប់ផ្ដើមប្រើយន្តហោះ ដើម្បីឃ្លាំមើលពីលើអាកាស
- July 20, 2024
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដានេះថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រ ដើម្បីរុករកសាកសពឧទ្ធម្ភាគចក្រពីលើអាកាស ខណៈរហូតមកដល់ពេលនេះ នៅមិនទាន់មានតំរុយអំពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រយោធានោះនៅឡើយទេ។

ប្រតិបត្តិការស្វែងរកពីលើអាកាសនេះ បានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យ នេះជាលើកទី១ហើយដែលប្រតិបត្តិការស្វែងរកពីលើអាកាសនេះបានដំណើរការ ខណៈចាប់តាំងពីកើតមានឧបទ្វវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះមក មេឃភ្លៀងខ្លាំងជាមួយអ័ព្ទ ដែលយើងមិនអាចប្រើឧទ្ធម្ភាគចក្របាន។
ចាប់ទាំងពីថ្ងៃដំបូងដែលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា មកអាជ្ញាធរខេត្តពោធិ៍សាត់បានប្រើប្រាស់កម្លាំងសម្រាប់បំរើអោយប្រតិបត្តិការស្វែងរកទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយមានកម្លាំងដើរល្បាត កម្លាំងជំនាញ និងក្រុមគ្រូពេទ្យសង្រ្គោះ។
អ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានអោយដឹងទៀតថា បច្ចុប្បន្នប្រតិបត្តិការកំពុងរុករកនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជំរកភ្នំសំកុក ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង។ សូមរំលឹកថាកាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយនឹងអ្នកបើកបរ ២នាក់ ដែលពេលកំពុងហ្វឹកហ្វឺនបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ៕










ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






