ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកំពង់ចាម ផ្អាកសកម្មភាពធ្វើដំណើរឆ្លងកាត់ទំនប់បង្ហៀរស្ទឹងឆ្វេង ជាបណ្តោះអាសន្ន ព្រោះកំពស់ទឹកបាននឹងកំពុងជន់ឡើងជាបន្តបន្ទាប់

BY
Khmernote Media
July 20, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ទំនប់បង្ហៀរស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់រវាងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស និងភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមជម្រាបជូនថា៖ ដោយស្ថានភាពកំពស់ទឹកបាននឹងកំពុងជន់ឡើងជាបន្តបន្ទាប់ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សូមផ្អាកសកម្មភាពធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ទំនប់ បង្អោរស្ទឹងឆ្វេង ដែលស្ថិតនៅព្រំប្រទល់រវាងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស និងភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត ហាមសិស្សានុសិស្សទៅលេងទឹក និងប្រជាពលរដ្ឋ នៅតំបន់នោះដែលឆ្លងកាត់ទៅមកប្រចាំថ្ងៃ សូមបញ្ចៀសចរាចរណ៍ ព្រោះទឹកកំពុងឡើងជាបន្តបន្ទាប់ សូមធ្វើដំណើរ តាមផ្លូវផ្សេង ឬតាមទូកដរនៅក្បែរនោះស្រាប់ កុំឆ្លងតាមទំនប់បង្កៀរស្ទឹងឆ្វេងតទៅទៀត។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ម្ចាស់ទោចក្រយានយន្ត ម្ចាស់រថយន្តគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នឹងចូលរួមសហការ អនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម

Share This Post: