ព័ត៌មានជាតិ

រយៈពេលជាង២០ឆ្នាំមកនេះ កូនក្រពើភ្នំញាស់ជាលក្ខណៈធម្មជាតិមានជាង២០០ក្បាល ក្នុងនោះជួរភ្នំក្រវាញមានវត្តមានក្រពើភ្នំច្រើនជាងគេ

BY
Khmernote Media
July 22, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងតែពីឆ្នាំ២០០២មក អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ(FFI) បានតាមដាន និងសិក្សាស្រាវជ្រាវ រហូតមកដល់បច្ចុប្បន្ននេះគេបានរកឃើញពងក្រពើភ្នំ ដែលបានញាស់ ជាកូនលក្ខណៈបែបធម្មជាតិមានចំនួន២៣៦ក្បាល ក្នុងនេះកូនក្រពើភ្នំ ដែលធ្វើការបង្កាត់ចាប់តាំងតែពីឆ្នាំ២០១១មក ញាស់បានចំនួនសរុប៤៨៤ក្បាល។

លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានប្រាប់ថាតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជាគឺមានវត្តមាន សត្វក្រពើភ្នំច្រើនជាងគេក្នុងចំណោមកន្លែងដទៃទៀត ដូចជាទំបន់ទន្លេស្រែពក ខេត្តមណ្ឌលគិរីជាដើម។

លោកបានប្រាប់ថា ជាង២០ឆ្នាំមកនេះពោលគឺចាប់តាំងតែពីឆ្នាំ២០០២រហូតមកដល់ បច្ចុប្បន្នក្នុងការតាមដានពី សំបុកកូនក្រពើភ្នំគេបានរកឃើញមានកូនក្រពើភ្នំញាស់តាម លក្ខណៈធម្មជាតិ សរុបចំនួន២៣៦ក្បាល។ក្រៅពីនេះសម្រាប់អង្គការសត្វព្រៃ និង រុក្ខជាតិមានស្ថានីយបង្កាត់កូនក្រពើភ្នំនៅសួនសត្វភ្នំតាម៉ៅ ចាប់តាំងតែពីឆ្នាំ២០១១មក ដល់ពេលបច្ចុប្បន្នបានធ្វើការបង្កាត់កូនក្រពើញាប់បានសរុបចំនួន៤៨៤ក្បាល និងក្នុង ចំណោមកូនក្រពើទាំងនេះ ក៏បានលែងក្នុងជម្រកធម្មជាតិបាន១៩៦ក្បាលនៅតំបន់ ជួរភ្នំក្រវាញនេះផងដែរ។ សម្រាប់ទីតាំងដែលលែងកូនក្រពើភ្នំគឺជាតំបន់ដាច់ស្រយាល ខ្លាំងដែលកម្រមានអ្នកណាទៅដល់ណាស់។

លោកបានលើកឡើងជុំវិញបញ្ហានេះថា”យើងបានធ្វើការជាមួយរដ្ឋបាលព្រៃឈើ ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ យើងក៏មានស្ថានីយបង្កាត់កូនក្រពើនៅសួនសត្វភ្នំ តាម៉ៅចាប់តាំងតែពីឆ្នាំ២០១១មកបើគិតមកដល់ពេលនេះយើងបានបង្កាត់ពូជក្រពើភ្នំបានញាស់មានរហូតដល់៤៨៤ក្បាល”។

ជុំវិញក្រពើភ្នំនេះដែរ ត្រូវបានលោក លូ វន្នីឱ្យដឹងបន្ថែមថា៖ តំបន់ជួរភ្នំក្រវាញ គឺជាទីតាំងដែលមានវត្តមានក្រពើភ្នំច្រើនជាងគេដោយសារតែជាទីតាំងដាច់ស្រយាលខ្លាំង និងលក្ខខណ្ឌរស់នៅរបស់ក្រពើភ្នំល្អជាងគេ។

គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះកូនក្រពើភ្នំចំនួន៦០ ត្រូវបានក្រុមអ្នកជំនាញបានរកឃើញ និងវាបានញាស់ថ្មី នៅឧទ្យានជាតិជួរភ្នំក្រវាញ ភាគខាងលិចប្រទេសកម្ពុជា។ កូនក្រពើភ្នំទាំង៦០នេះ បានញាស់ចេញពីក្នុងចំណោមពងក្រពើចំនួន១០៦ ដែលត្រូវបានរក ឃើញ ក្នុង៥សំបុកផ្សេងគ្នា កាលពីពាក់កណ្តាលខែឧសភា នៅក្នុងឧទ្យានជាតិ ភ្នំក្រវាញ។ កូនក្រពើភ្នំទាំងនេះ បានញាស់នៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ប្រទេសកម្ពុជា គឺជាប្រទេសដែលសំបូរក្រពើភ្នំច្រើនជាងគេនៅលើពិភពលោក។ ក្នុងពិភពលោកក្រពើភ្នំត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ១០០០ ក្បាលប៉ុណ្ណោះ ក្នុងនោះប្រទេសកម្ពុជា មានក្រពើភ្នំជាង ៣០០ក្បាល។ ការរកឃើញកូនក្រពើនេះដែរ ត្រូវបានគេចាត់ទុកថាច្រើនបំផុតពុំធ្លាប់មាន ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: