ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករអស់ចំនួន៥ស្រុក ក្នុងខេត្តកំពង់ធំ
- July 22, 2024
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឱ្យដឹងនាព្រឹក ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ របស់ប្រជាកសិករខេត្តកំពង់ធំចំនួន០៥ស្រុករួមមាន៖ ស្រុកកំពង់ស្វាយ ស្ទឹងសែន ប្រាសាទ សំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ លើឃុំចំនួន១៣ ភូមិចំនួន៣៩ ក្នុងនោះមាន ប្រជាកសិករ ចំនួន៥៦៦គ្រួសារ។ ដំណាំស្រូវបានរងផលប៉ះពាល់ ចំនួន៧១០ហិកតា និងខូចខាតទាំងស្រុងចំនួន៤១៥ហិកតាជាពិសេសប្រភេទស្រូវស្រាលដើមរដូវ ដែលកំពុងបញ្ចេញផ្កាផ្លែ។

ស្រុកកំពង់ស្វាយ ប៉ះពាល់លើ៣ឃុំ៥ភូមិ ប្រជាពលរដ្ឋចំនួន៤២៦គ្រួសារ ប៉ះពាល់ដំណាំស្រូវចំនួន៥០៦ហិកតា និងខូចខាត៤១៥ហិកតា។ ក្រុងស្ទឹងសែន ប៉ះពាល់លើសង្កាត់៥ ភូមិជាពលរដ្ឋចំនួន៣៣គ្រួសារ ប៉ះពាល់ដំណាំស្រូវ៥៣ហិកតា។ ស្រុកប្រាសាទសំបូរប៉ះពាល់៥ឃុំ១៣ភូមិ ប្រជាពលរដ្ឋចំនួន៤៣គ្រួសារប៉ះពាល់ដំណាំស្រូវ៤៣ហិកតា។ ស្រុកសណ្ដាន់ប៉ះពាល់១ឃុំ៤ភូមិប្រជាពលរដ្ឋ២៧គ្រួសារ និងប៉ះពាល់ដំណាំស្រូវ២៤ហិកតា និងស្រុកបារាយណ៍ប៉ះពាល់១ឃុំ៦ភូមិ ប្រជាពលរដ្ឋ ចំនួន៣៧ប៉ះពាល់ដំណាំស្រូវចំនួន៧៣ហិកតា។
តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់ថា ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំទឹកមាន កម្ពស់១៣,២៣ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,០៧ម៉ែត្រ កម្ពស់ទឹកដែលត្រូវប្រកាស អាសន្ន១៣,៥០។ចំពោះស្ថានីយស្រុកសណ្ដាន់ទឹកមានកម្ពស់១៧,៧៨ម៉ែត្រ ខ្ពស់ជាង ថ្ងៃម្សិលមិញចំនួន០,១២ម៉ែត្រកម្ពស់ទឹកដោះ ត្រូវប្រុងប្រយ័ត្ន១៨,៥០ម៉ែត្រ។
សូមបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ ខេត្តកំពង់ធំគិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ អនុវត្តន៍បានចំនួន១៩៦១៥៣ហិកតា ស្មើនឹង៩១,៩៦ភាគរយនៃផែនការ២៣១៣០០ហិកតា ខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា ចំនួនជាង៤០០០ហិកតាក្នុងនោះស្រូវស្រាលដើររដូវ ឬស្រូវបង្កើនរដូវចំនួន ៣៣ ២៥៤ហិកតា៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






